ប៉ូលិស ចាប់បានចោរ មុខដដែលៗ បញ្ជូនទៅអោយ តុលាការ សម្រេចទោស ដាក់គុកម្តងទៀត!

បាត់ដំបង៖ យោងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌ កំរិតស្រាល ទើបលោកវរសេ នីយ៍ឯក សន និល អធិការនគរ បាលស្រុករតនមណ្ឌល ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងនគរ បាលរដ្ឋបាលឃុំត្រែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល រស្មីសង្ហារ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ករណី លួចកាច់ សោរម៉ូតូ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជនសង័្សយដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទី១- ឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិបោះខ្ទុម ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។
ទី២-ឈ្មោះ រេ រីម ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ ស្រុកកោះ អណ្ដែត ខេត្តតាកែវ ។

ប្រភពព័ត៌មានពី សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យខាងលើ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ជាច្រើនដងកន្លងមកហើយ និងទើបតែចេញពីពន្ធនាគារ គ្មានការងារធ្វើក៍ធ្វើសកម្មភាពលួចកាច់សោរម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង 1L-8502 ជាកម្មសិទ្ធិរបស់លោក អាត សីហា នៅចំណុចផ្សារត្រែង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងនគរបាលស្រុករតនៈមណ្ឌល បានចេញប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិរស្មីសង្ហារ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ខណៈក្រុមចោរនោះកំពុងសម្ងំលាក់ខ្លួន។

វត្ថុតាងដកហូតបានរួមមាន៖ ដែកស្រួចសំប៉ែតចំនួន២ដើម សោរលេខ៨ ចំនួន១ និង ម៉ូតូរបស់ជនរងគ្រោះ។

សូមបញ្ជាក់ថាជនសង្ស័យទាំង២នាក់ គឺចោរលួចកាច់សោរម៉ូតូ របស់ប្រជាពលរដ្ឋ ឆ្លងខេត្តយ៉ាងសកម្មទើបតែចេញពី ពន្ធនាគារខេត្តបាត់ដំបង។

បច្ចុប្បន្ន នគរបាលស្រុករតនៈមណ្ឌល បានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអោយ តុលាការ សម្រេចទោស តាមផ្លូវច្បាប់ ចំណែកម៉ូតូ សមត្ថកិច្ចប្រគល់ជូនម្ចា ស់ដើមវិញ៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close