ខេត្តកំពង់ចាម៖ សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង១១ និង៣០នាទី អធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានទទួលបណ្តឹងថា មានករណី ឃាតកម្ម បណ្តាលអោយ ក្មេងម្នាក់ ឈ្មោះ អ៊ី ចាន់អេង ភេទប្រុស អាយុ៤ខែស្លាប់ ពីឈ្មោះ កែម វីន (ត្រូវជាម្តាយបង្កើត ) ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ នៅចំនុចភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រោយពីទទួលបានពត៌មាននិងបណ្តឹងនេះភ្លាម លោកវរសេនីយ៍ទោ នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ បានចាត់បញ្ជាឱ្យលោកវរសេនីយ៍ទោកាំង គីមហុង លោកវរសេនីយ៍ទោ រឿង សេងនាង អធិការរងទទួលផែនព្រហ្មទណ្ឌ នឹងលោកវរសេនីយ៍ទោ យ៉ែម សុភាព អធិការរង ទទួលជំនួយការដឹកនាំផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ ដឹកនាំកំលាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តើងជ័យ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវស៊ើបអង្កេត ។
ជាលទ្ធផល កម្លាំងជំនាញយើងបាន ធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លាន់ ឡេក ភេទប្រុស អាយុ២៦ឆ្នាំជាតិខ្មែរ នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម យកមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរស្រង់ចម្លើយ ក្នុងការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់លើក ក្មេងឈ្មោះ អ៊ី ចាន់អេង ភេទប្រុស អាយុ៤ ខែ ចេញពីក្នុងអង្រឹង ហើយធ្វើអោយរបូតចេញពីដៃធ្លាក់ ទៅលើឥដ្ឋការ៉ូ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ លាន់ ឡេខ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានបញ្ចូនទៅពន្ធធានាគារ ខេត្តកំពង់ចាម តាមបញ្ជារបស់ លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម រួចរាល់ហើយ ។