លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ៖ ត្រូវមានភារកិច្ចក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន
កំពត៖ នៅថ្ងៃអង្គារ ១៣ កើតខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធពិធីសំណេះសំណាល បែងចែក ចាត់បញ្ជូននិងបំពាក់ឋានន្តរសក្កិជូនដល់កងកម្លាំងនគរបាល ទើបបញ្ចូលក្របខណ្ឌថ្មីឆ្នាំ ២០២១ ឲ្យទៅបម្រើការងារនៅតាមបណ្ដាលអង្គភាព។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយនាយរងការិយាល័យបុគ្គលិក ការិយាល័យបណ្ដុះបណ្ដាល លោកអធិការនគរបាលទាំង ៩ស្រុក-ក្រុង និងគ្រូបង្គោលរបស់ស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងឱកាស នោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានមានប្រសាសន៍ផ្តាំផ្ញើបន្ទាប់ពីបានបញ្ចប់វគ្គសិក្សាប្អូនៗត្រូវបានប្រកាសតាំងស៊ប់បញ្ចូលក្របខណ្ឌថ្មី ជាកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាន នគរបាលខេត្តកំពត និងបានប្រគល់ភារកិច្ចដល់ប្អូនៗឲ្យទៅបំរើការងារក្នុងអង្គភាព។
ដូចនេះប្អូនៗទាំងអស់ ត្រូវមានភារកិច្ចក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ រាល់ពាក្យសំដីអាកប្បកិរិយាគឺត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ជាកម្លាំងនគរបាលជាតិ សុភាពរាបសារ ទន់ភ្លន់ទៅលើប្រជាពលរដ្ឋ តែត្រូវមឹងម៉ាត់ និងការងារហើយគោរពឲ្យបាននូវ វិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ។