ខេត្តបាត់ដំបង៖ នៅថ្ងៃ អាទិត្យ ១១កើតខែផល្គុនឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨ និង០០នាទី ព្រឹកអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌរួមជាមួយកម្លាំងនគរបាលរដ្ឋបាលត្រែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មីសង្ហារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចណុចភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ក្នុងករណី (លួចកាច់សោកម៉ូតូ) នៅក្នុងមូលដ្ឋាន។
ជនសង័្សយទី១-ឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិបោះខ្ទុម ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។
ទី២-ឈ្មោះ រេៈ រីម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ដកហូតសម្ភារៈ ដែកស្រួចតំប៉ែតចំនួន២ដើម និងសោរលេខ៨ ចំនួន១ដើម។
ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខបាត់ដំបង 1AL 8502 លេខតួND125M 57936 84 លេខម៉ាស៊ីន ND125ME 579 3684 ចំនួន០១គ្រឿង។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលថ្ងៃទី០៨ ខែ មីនា ឆ្នាំ ២០២២វេលាម៉ោង០៧និង៤០នាទីមានករណី លួច (កាច់សោកម៉ូតូ)មួយកើតឡើងនៅចំណុចផ្សារត្រែង ស្ថិតក្នុង ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដែលជារបស់ជនរងគ្រោះឈ្មោះអាត សីហា ភេទ ប្រុស អាយុ២៧ឆ្នាំមានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅស៊េរីឆ្នាំ២០២០ស្លាកលេខបាត់ដំបង 1AL- 8502 លេខតួND125 M 57936 84 លេខម៉ាស៊ីន ND125ME 579 3684។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ហើយតាមរយ:ពាក្យបណ្តឹងនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។
សូមបញ្ជាក់ថា មុខសញ្ញាលួចម៉ូតូឈ្មោះ នាក់ ចន្ធូ ភេទប្រុសនេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាព (ឆ្លងខេត្តយ៉ាងសកម្ម) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅផ្តន្ទាទោសច្រើនលើកច្រើនសារស្ទើររាប់ភ្លេច តែមុខសញ្ញានេះមិនព្រមរាងចាល ហើយបន្តធ្វើសកម្មភាពដដែលនេះទៀត ។
ជាក់ស្តែងកាលពីដើមឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពតស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញានេះ យកមកអនុវត្តទោសតាមច្បាប់ក្នុងករណី (លួចម៉ូតូ) នៅខេត្តបាត់ដំបង តែមិនបានប៉ុន្មានផង មុខសញ្ញានេះបន្តធ្វើសកម្មភាពដដែលទៀត ក្នុងមូលដ្ឋានខេត្តបាត់ដំបង ក្នុងរយៈពេលថ្មីៗនេះ ក្រោយពេលដែលរូបគាត់ត្រូវបានដោះលែងចេញពីពន្ធនាគារ។
នៅក្រោយពេលសាកសួរ សមត្ថកិច្ចនគរបាលស្រុក បានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់រី ឯម៉ូតូ របស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕