អុញ! ផ្លូវកៅស៊ូ ក្លាយទៅជាផ្លូវដី ដោយសារ ក្រុមអាជីវកម្មដឹកអាច់ម៌ដី បង្កប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ព័ត៌មាន ផ្សាយព្រោងព្រាត ទើប អភិបាលស្រុក លោកជ្រាប?
ខេត្តស្វាយរៀង ៖ រដ្ឋបាលស្រុកកំពង់រោទិ៍ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និង ពិសេស សារព័ត៌មាន ដែលបានចុះផ្សាយ ដែលមានខ្លឹមសារថា ”ក្រុមអាជីវកម្មដឹកអាច់ម៌ដី លក់យកលុយ កំពុងតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជាពលរដ្ឋ” ត្រង់ចំណុចបណ្តោយផ្លូវជាតិ លេខ314D ស្ថិតនៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍។
ក្រោយពីទទួលបាននូវព័ត៌មាននេះ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះ លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានចាត់តាំងឲ្យលោក ឃុត គីម នាយករដ្ឋបាលសាលាស្រុក រួមទាំងអាជ្ញាធរ ពាក់ព័ន្ធបានចុះដល់ទីតាំងដើម្បីចាត់វិធានការ សម្អាត និងធ្វើកិច្ចសន្យាឱ្យសម្អាតផ្លូវឱ្យបានស្អាតជាប្រចាំ ក្រោយពីក្រុមហ៊ុនដឹកដីនេះ បានបង្កឱ្យជ្រុះដីមកលើផ្លូវកៅស៊ូបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់ សាធារណជន អ្នកសារព័ត៌មាន និង ពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែកផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានអំពីបញ្ហាប្រឈម និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងរីករាយទទួលយកនូវការរិះគន់ក្នុងន័យស្ថាបនា។
អាស្រ័យហេតុនេះ សូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ពិសេស ម្ចាស់គេហទំព័រ ឬម្ចាស់គណនេយ្យហ្វេសប៊ុកខាងលើមេត្តាទទួលជ្រាបជាព័ត៌មាន។