កាស៊ីណូ គ្មានស្លាក យីហោ មួយកន្លែង នៅព្រំដែន ស្វាយអាង៉ោង បើកស្វាគមន៍ ពលរដ្ឋខ្មែរ ចូលលេង យ៉ាងគគ្រឹកគគ្រេង!
ខេត្ដព្រៃវែង៖ ទីតាំងល្បែងស៊ីសង ជល់មាន់ ក្នុងកាស៊ីណូ មួយកន្លែង គ្មានស្លាក យីហោ នៅ ព្រំដែនស្វាយអាង៉ោង ក្នុងស្រុកកំពង់ត្របែក ខេត្ដព្រៃវែង បានបើកដំណើរការ អនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់ យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរពាក់ពន្ធ័មិនមានវិធានការ និងការទប់ស្កាត់នោះឡើយដោយទទួលក្រុមអ្នកញៀន ល្បែងចូលមកលេងពីគ្រប់ទិសទ។
យោងតាមប្រភពពី ក្រុមអ្នកញៀនល្បែង ចេញចូលលេងបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះទីតាំងការស៊ីណូ គ្មានស្លាក យីហោ មួយកន្លែងនេះ ពួកគេចេញចូលលេងដោយគ្មានការព្រួយបារម្មណ៍នោះទេ គឺលេងដោយសុវត្ថិភាព មានទាំងអ្នកយាមកាមត្រឹមត្រូវទៀតផង ចំពោះខាង អាជ្ញាធរ និង សមត្ថកិច្ច វិញ ក៍បាច់បារម្ភដែរ ពោលគឺលេងល្បែងស៊ីសង ជល់មាន់ ម៉ាសប្បាយ។
ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធ រ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង? បានជាមិនមានការទប់ស្កាត់ពលរដ្ឋខ្មែរ បែរជាបណ្ដែតបណ្ដោយ ពលរដ្ឋខ្មែ រចូលលេងយ៉ាងរលូនទៅវិញ ដោយមិនខាចញញើតអ្វីទាំងអស់?
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬស គល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា (អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះ ហាក់មិនញញើត និងមិនគោរពតាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡើយ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋឲ្យស្របតាម គោលនយោបាយ ភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់ មន្ត្រីពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខត្តព្រៃវែង មេត្តាចុះត្រួតពិនិត្យ និងទប់ស្កាត់ ពលរដ្ឋខ្មែរ ក្រុមអ្នកញៀនល្បែងស៊ីសង ជល់មាន់ដែលមានទីតាំងខាងលើនេះផង ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ ។
អង្គភាពសារព័ត៌មានយើង នឹងរង់ចាំការបកស្រាយបំភ្លឺ ឬមានការពន្យល់ ពីអាជ្ញាធរពាក់ព័ន្ធណាមួយ ពាក់ព័ន្ធក្នងករណីខាងលើនេះ ដើម្បីឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕