ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបញ្ហាការចាក់ធុងបាស់ ច្រៀងចម្រៀង បង្កសម្លេងរំខានដល់អ្នកជិតខាង ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះត្រួតពិនិត្យករណីនេះ
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ក្រោយពីទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ មានការចាក់ធុងបាស់ ច្រៀងចម្រៀងបង្កសម្លេងរំខានខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋសម្រាកមិនបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះដល់ទីតាំងស្ថិតនៅក្នុងបូរីសាន់តូនី ផ្ទះលេខ៧F ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានធ្វើការណែនអប់រំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះដែលបង្កសម្លេងរំខាន ឲ្យបញ្ឈប់សកម្មភាពរំខាននេះផងដែរ៕