នាយករដ្ឋមន្រ្តីឡាវ ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ជំនួយរថយន្តដឹកវ៉ាក់សាំង ១០គ្រឿងបន្ថែមទៀតដល់ប្រទេសឡាវ

ភ្នំពេញ៖ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការផ្តល់ជំនួយរថយន្តដឹកវ៉ាក់សាំង ១០គ្រឿងបន្ថែមទៀតដល់ប្រទេសឡាវ។

ជំនួយរថយន្តដឹកវ៉ាក់សំាងចំនួន១០គ្រឿងរបស់កម្ពុជា ជូនដល់ប្រទេសឡាវ ត្រូវបានរៀបចំពិធីប្រគល់ និងទទួល នៅព្រឹកថ្ងៃទី១២ ខែមីនានេះ នៅច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន-ត្រពំាងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្បាស័ក នៃប្រទេសឡាវ បន្ទាប់ពីមានពិធីប្រគល់-ទទួលនូវរថយន្តដឹកវ៉ាក់សាំងចំនួន ០៣គ្រឿងរបស់កម្ពុជា ជូនដល់ប្រទេសឡាវ កាលពីចុងខែធ្នូ ឆ្នំា២០២១ កន្លងទៅ ។

ក្នុងខ្លឹមសារបកប្រែ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសបាន បញ្ជាក់ឱ្យដឹងថា លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានលើកឡើងថា «ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលផ្ដល់ជំនួយចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាពិសេសក្នុងពេលដែលប្រទេសយើងទំាងពីរកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយកម្ពុជាខ្លួនឯងនៅតែមានទឹកចិត្ត ដោយបានផ្ដល់ជំនួយដូចបានជម្រាបជូនខាងលើ ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាផ្នែកមួយនៃការចូលរួមជួយឱ្យយើងខ្ញុំអាចឈានទៅសម្រេចគោលដៅនៃការចាក់វ៉ាក់សំាងជូនពលរដ្ឋឡាវ តាមការគ្រោងទុក»។

លោកបានចាត់ទុកថា ជំនួយដ៌ថ្លៃថ្លាទំាងនេះ បានបង្ហាញឱ្យឃើញនូវសេចក្ដីព្រួយបារម្ព ការយកចិត្តទុកដាក់ និងទឹកចិត្តជ្រះថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមានចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាសរបញ្ជាក់នូវទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល សាមគ្គីភាពជាប្រពៃណី ដែលមានជាយូរលង់មកហើយ និងកិច្ចសហការក្នុងនាមប្រទេសភូមិផងរបងជាមួយ ក្នុងស្មារតីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេររឹងមាំរវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កាជានិរន្តរ៍ ។

លោកបានប្រសិទ្ធពរជ័យ ជូន សម្តេចតេជោ សូមប្រកបដោយសុខភាពល្អបរិបូរ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុងឧត្តម និងដ៏ខ្ពង់ខ្ពស់បំផុត។
យោងតាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹក ទី១២ ខែមីនា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងនាំយកជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័កនៃប្រទេសឡាវ។

ក្រសួងសុខាភិបាលបានបន្ថែមថា ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យ «កម្ពុជាជាប្រទេសតូចតាចតែមានបេះដូងធំទូលាយ» ហើយកម្ពុជា ក៏តែងតែបាន និងកំពុងធ្វើ ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់។

អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀតជូនដល់ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕

ប្រភព៖ Press OCM – អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

អត្ថបទដែលជាប់ទាក់ទង
Open

Close