អគ្គនាយក CMAC ៖ សង្គ្រាម នៅ អ៊ុយ ក្រែន កាន់តែហិនហោចខ្លោចផ្សា!

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី១២ មីនា ២០២២ នេះ បានលើកឡើង ក្នុងហ្វេសប៊ុក ផ្លូវការរបស់លោកថា គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់កាំជ្រួញកំរិតមធ្យមបានប្រើប្រាស់រាប់រយគ្រាប់ (ជាង៧០០គ្រាប់) ប៉ុន្តែ កាំជ្រួញខ្នាតធំ មិនទាន់បានប្រើនៅឡើយទេ! សង្គ្រាមកាន់តែអាក្រក់ទៅៗនិងកាចសាហាវ ដោយសម្លាប់មនុស្សកាន់តែច្រើនឡើង និងមានហ្វូងមនុស្សរត់ភៀសខ្លួនរាប់លាននាក់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន្ធ័រូបវន្តនានា…….។

លោក បន្តថា ការចរចារសន្តិភាពស្ថិតនៅឆ្ងាយសន្លឹម មួយផ្នែកគឺពួកលោកខាងលិចណាតូនៅពីក្រោយអ៊ុយក្រែន នៅតែយកពាក្យប្រជាធិតេយ្យនិងសេរីភាពទៅដាក់បន្ទុកឱ្យមេដឹកនាំអ៊ុយក្រែនជ្រើសរើសយកផ្លូវមរណ:នេះ! ។ មួយផ្នែកទៀតមេដឹកនាំរុស្ស៊ី ប្រកាន់យកមូលហេតុចេតនា ចូលអង្គការ ណាតូ របស់ប្រទេស អ៊ុយក្រែន ជាការគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៊ី! ដូចនេះ រុស្សីថា គ្មានជំរើស ទេដោយគិតថាធ្វើសង្គ្រាមពេលនេះ អាចជាសង្គ្រាមតូចត្រឹមតែជាមួយប្រទេស អ៊ុយក្រែន ប៉ុណ្ណោះ តែបើរង់ចាំឱ្យ អ៊ុយក្រែន ចូល ណាតូ នឹងមានសង្គ្រាមនោះ គឺជាសង្គ្រាមធំ ជាសង្គ្រាម លោកលើកទី៣ មិនខានឡើយ! ។

ហេតុនេះមានតែបន្តវាយប្រហាររហូតដល់ទីបញ្ចប់ មានន័យថារំលាយកំលាំងទ័ពអ៊ុយក្រែន និងមេដឹកនាំអ៊ុយក្រែនដែលប្រកាន់យកនយោបាយតាមលោកខាងលិចតែម្តង។ និយាយមិនត្រូវគ្នា មានតែត្រូវធ្វេីសង្គ្រាមរហូតដល់រលាយអ៊ុយក្រែន ដោយរួមទាំងដាក់គោលដៅថា “បំបាត់លក្ខណ:ជារដ្ឋអ៊ុយក្រែនក៏អាចថាបាន! ។

ជនស៊ីវិល ស្ម័គ្រចិត្ត មកពីប្រទេសមួយចំនួនប្តេជ្ញាចូលសមរភូមិប្រយុទ្ធជាមួយកងទ័ពរុស្សីតាមការអំពាវនាវរបស់មេដឹកនាំអ៊ុយក្រែន ជាមួយគ្នានេះដែរ មេដឹកនាំរុស្ស៊ី ក៏ផ្តល់ការឯកភាពឱ្យកំលាំងបរទេសដែលស្មោះស្មគ្រ័ជាមួយរុស្ស៊ីដូចជាមកពីប្រទេសស៊ីរី… ចូលសមរភូមិប្រយុទ្ធនៅអ៊ុយក្រែនដែរ! ។

មានន័យថាដូចម្តេច? យុទ្ធសាស្ត្រនេះ អាចជាការបង្កើតតកំលាំង ISIS ចូលទៅដល់ប្រទេសអឺរ៉ុបតែម្តង កំលាំងប្រយុទ្ធស៊ីវិលលទាំងនេះ អាចប្រឈមមុខក្នុងពេលកំពុងមានសង្គ្រាម និងក្រោយសង្គ្រាមត្រូវបានបញ្ចប់! ។

វិធានការកៀរគរកំលាំងស៊ីវិលពីខាងក្រៅមកចូលសមរភូមិនេះ អាចជាទុក្ខវេទនារយ:ពេលវែង សំរាប់ពួកអឺរ៉ុបប្រឈមមុខជាមួយក្រុមជ្រុលនិយមដែលរកតែឱកាសដើម្បីសងសឹកទៅលើពួកអឺរ៉ុប។

សូមអរគុណសន្តិភាព! គុណតំលៃសន្តិភាពមិនអាចកាត់ថ្លៃបានឡើយ! ។

អត្ថបទដែលជាប់ទាក់ទង
Open

Close