ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្សបានខិតខំបំពេញតួនាទី និងភារកិច្ចរហូតក្លាយជាកងឯកភាពឆ្នើមមួយនៃកងយោធពលខេមរភូមិន្ទ

ខេត្តកណ្តាល៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃបេសកកម្មជាប្រវត្តិសាស្ត្ររបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ ដែលបានបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រួសារ ដែលស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្សបានខិតខំបំពេញតួនាទី និងភារកិច្ចរហូតក្លាយជាកងឯកភាពឆ្នើមមួយនៃកងយោធពលខេមរភូមិន្ទ ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនទាំងលើការងារអភិវឌ្ឍ និងអភិរក្ស ដូចបណ្តាស្ថាប័ន កងឯកភាពនានានៃកងយោធពលខេមរភូមិន្ទផងដែរ។

ពាក់ព័ន្ធនឹងការងារអភិវឌ្ឍ អង្គភាពមានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា, ចំនួនទ័ព, មធ្យោបាយគ្រឿងបំពាក់ និងការកសាងជំរំជម្រក ក៏ដូចជាហេដ្ឋានរចនាសម្ព័ន្ធនានាបម្រើឱ្យការបំពេញភារកិច្ច និងការលើកកម្ពស់ជីវភាព សុខុមាលភាព របស់យោធិន និងគ្រួសារយោធិន។ អង្គភាពក៏បានសម្រេចបានស្នាដៃលើការហ្វឹកហ្វឺនយោធិនទាំងនៅក្នុងអង្គភាពផ្ទាល់ និងការជួយកសាងពង្រឹងសមត្ថភាពនៅទូទាំងកងយោធពលខេមរភូមិន្ទ ហើយក៏បានពង្រឹងពង្រីកប្រសិទ្ធភាព និងវិសាលភាពប្រតិបត្តិការ ដោយក្រៅពីភារកិច្ចស្នូល ក៏បានចុះជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូចជាបូមទឹកដាក់ស្រែដោះស្រាយគ្រោះរាំងស្ងួត និងចូលរួមក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយផ្សេងនៅទូទាំងប្រទេស ស័ក្តិសមជា “កម្លាំងដែលមានសមត្ថភាព លទ្ធភាព អាចឆ្លើយតបគ្រប់ពេលវេលា ទាន់ពេលវេលា និងដោយប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

ក្នុងការងារអភិរក្ស អង្គភាពតែងបានគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអភិក្រមទាំង ០៣ គឺ ស្មោះត្រង់ ការពារ បម្រើ ហើយយោធិនគ្រប់រូប និងគ្រប់ជំនាន់នៃបញ្ជាការដ្ឋានអង្គរក្ស តែងបានប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវស្មារតីនេះចំពោះ ជាតិ ប្រជាជន ប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រួសារ តាំងពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត ស័ក្តិជាកម្លាំងដ៏រឹងមាំ និងពិតប្រាកដរបស់ជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា គ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ តែងបានខិតខំបំពេញតួនាទី និងភារកិច្ច ដែលមានកំណត់ក្នុងច្បាប់។ នៅក្នុងកងទ័ព កងឯកភាពនីមួយៗ ត្រូវបានប្រគល់ទាំងភារកិច្ចស្នូល និងភារកិច្ចពិសេស។ ជាក់ស្តែង បញ្ជាការដ្ឋានអង្គរក្ស គឺដូចនឹងបណ្តាកងឯកភាពផ្សេងទៀត មានភារកិច្ចស្នូលក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ដោយឡែក ក្នុងនាមជាអង្គភាពទ័ពជំនាញ បញ្ជាការដ្ឋានអង្គរក្ស ក៏ត្រូវបានប្រគល់ភារកិច្ចពិសេសបន្ថែមមួយទៀត គឺការពារប្រមុខរាជរដ្ឋាភិបាល ដែលជាក់ស្តែងជា សម្តេចតេជោ ហ៊ុន សែន ព្រោះលោកជានាយករដ្ឋមន្ត្រី កើតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដាក់ជាទិសដៅទៅមុខទៀត គឺកងទ័ពយើងត្រូវបន្តការងារអភិវឌ្ឍ តាមរយៈការពង្រឹងរចនាសម្ព័ន្ធ និងការហ្វឹកហ្វឺន ដោយច្នៃប្រឌិតធ្វើយ៉ាងណាឱ្យកងទ័ពកាន់តែក្លាយកម្លាំងដែលមានសមត្ថភាពខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជន ហើយអ្វីដែលត្រូវអភិរក្សឱ្យបានជាដាច់ខាតក្នុងគ្រប់កាលៈទេសៈ គឺស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រមុខរាជរដ្ឋាភិបាលរបស់យើង ដើម្បីឱ្យលោកអាចបំពេញភារកិច្ចដឹកនាំដោយឈរលើផលប្រយោជន៍រួមរបស់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close