ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិសយ សូមជម្រាបជូន សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានជ្រាបថា កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២គេហទំព័រ សារព័ត៌មានរស្មីក្រុងតាខ្មៅ បានផ្សព្វផ្សាយ ថាមានទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅបន្ត បើកដំណើរដោយរលូននៅស្រុកសង្កែព្រោះសមត្ថកិច្ចមិនហ៊ានបង្រ្កាប ហើយភ្លាមៗលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យអធិការនគរបាលស្រុកសង្កែ ធ្វើការស្រាវជ្រាវលើបញ្ហានេះ ។
មកដល់ពេលនេះអធិការនគរបាលស្រុកសង្កែបានចាត់វិធានការលើបញ្ហានេះហើយមានលទ្ធផលដូចខាងក្រោម៖
-ទីតាំងនោះមានម្ចាស់ឈ្មោះ ស៊ូ ស៊ីណាត ភេទស្រី អាយុ ៣៧ ឆ្នាំ ស្ថិតនៅក្នុងក្រុមទី ១០ ភូមិអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កន្លងទៅនៅក្នុងលំនៅដ្ឋានគាត់មានលក់គុយទាវ និងកាហ្វេ ហើយមានតារាងបូលមួយផង ដែលមានមនុស្សចូលទៅទទួលទានគុយទាវ ការហ្វេ ហើយក្នុងពេលជាមួយនេះគាត់មានទូរទស្សន៍បើកឱ្យ អ្នកចូលទៅហូបគុយទាវ កាហ្វេមើលរឿង ឬមើលកីឡាប្រដាល់ដែលផ្សាយតាមទូរទស្សន៍។
ទីតាំងនេះមិនមានបង្កប់ ល្បែងជល់មាន់ ហាយឡាយ និងល្បែងស៊ីសងប្រភេទកាស៊ីណូអនឡាញ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មាននោះទេ។
បើទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមសមត្ថកិច្ចនគរបាល លោកអធិការនគរបាលស្រុកសង្កែ បានកោះហៅ ម្ចាស់ទីតាំងនេះ មកធ្វើការសាកសួរ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពល្មើសច្បាប់ទាំងអស់ រួមទាំងការ ប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទផងដែរ។
ទន្ទឹមនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអរគុណ ជាពន្លឹកចំពោះការចូលរួមផ្តល់នូវព័ត៌មានពិតពីមជ្ឈដ្ឋាននានា ពិសេសអ្នកសារព័ត៌មាន និងមហាជនទូទៅដែលមិនគាំទ្រចំពោះអំពើល្មើសច្បាប់នានាដែលបានកើតឡើងនៅក្នុងមូលដ្ឋានភូមិ ឃុំ ។
ដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តជ្រាប និងសូមបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត សូមអរគុណ៕