នាយឧត្តមសេនីយ៍ ឈុំ សុជាត ស្នើឲ្យមានការស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់ លើបុគ្គល ហួន សីហា ដែល…!
នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានចេញបដិសេធថា លោកមិនមានជំនួយការ ឈ្មោះ ហួន សីហា នោះទេ និងស្នើឲ្យមានការស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់
នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា នាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជាជំនួយការរបស់ខ្ញុំ ដោយបានយកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម។
នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយដែលមិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ។
ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមស្នើ និងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់។
នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមលើកទឹកចិត្ត ឲ្យមានការដាក់ពាក្យបណ្ដឹងដើម្បីទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ប្រសិនបើមានបុគ្គលណាមួយរងគ្រោះ ដោយសារបុគ្គលខាងលើនេះ។