សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរខេត្តបាត់ដំបង ឱ្យបន្ដទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ ក្នុងបឹងទន្លេសាប

ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបងយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ ទាំងនៅលើគោក និងក្នុងទឹក ពិសេសធនធានធម្មជាតិនៅបឹងទន្លេសាប។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់មន្ដ្រីជំនាញ ឬមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះផ្សព្វផ្សាយទៅប្រជាពលរដ្ឋឱ្យយល់ដឹងអំពីព្រំប្រទល់នៃព្រៃលិចទឹក ក្នុងបឹងទន្លេសាប ហើយត្រូវបោះបង្គោលឱ្យបានត្រឹមត្រូវផងដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អាជ្ញាធរបឹងទន្លេសាបដើរបង្រៀនដល់ប្រជាពលរដ្ឋ នៅជុំវិញបឹងទន្លេសាប ឱ្យពួកគាត់ជួយការពារ ហើយសូមយកចិត្តទុក្ខដាក់ ដើម្បីជួយគ្រប់គ្រងព្រៃធម្មជាតិ សូមឱ្យរដ្ឋបាលខេត្ត និងអភិបាលស្រុកសំឡូត ទប់ស្កាត់ បើមិនចឹងទេ អស់ហើយព្រៃធម្មជាតិរបស់យើង»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមទៀតដល់អភិបាលស្រុកដែលជាប់បឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ ដើម្បីគ្រប់គ្រង និងការពារធនធានធម្មជាតិនៅបឹងទន្លេសាប ជាពិសេសនោះ អភិបាលស្រុកទាំងអស់នៅជុំវិញបឹងទន្លេសាប កុំពាក់ព័ន្ធទៅនឹងព្រៃលិចទឹកឱ្យសោះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទដែលជាប់ទាក់ទង
Open

Close