ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សម្តេចតេជោ គឺជាឥស្សរជនដែលលេចធ្លោជាងគេ ក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ !
ខេត្តត្បូងឃ្មុំ ៖ ថ្លែងក្នុង ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតក្នុងនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យ មិនថានៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសនានាលើសាកលលោក ការលេចឡើងនូវអ្នកដឹកនាំដែលត្រូវទទួលកាន់ចង្កូតនាវាប្រទេសជាតិ គឺអាចនឹងមានបេក្ខជនច្រើន ដូចនឹងការរីកដុះដាលស្អេកស្កះនៃរុក្ខជាតិផ្សិតក្នុងរដូវភ្លៀងធ្លាក់ ដែលក្នុងនោះមានផ្សិតខ្លះពោរពេញដោយជីវជាតិផ្តល់ឱ្យអ្នកហូបទទួលបានសុខភាពល្អ ហើយក៏អាចមានផ្សិតខ្លះទៀតជាផ្សិតពុលអាចបង្កជម្ងឺ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតក៏ថាបាន។ ក្នុងន័យនេះ ជាក់ស្តែងណាស់ នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន យើងអាចមើលឃើញថា សម្តេចតេជោ គឺជាឥស្សរជនដែលលេចធ្លោជាងគេ ក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ ដោយខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។
ឯកឧត្តម ក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងស្រុកតំបែរ និងខេត្តត្បូងឃ្មុំទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះនៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង៕