មិនបាច់ចាំស្អែក ចុះទៅបង្ក្រាប ថ្ងៃនេះ!

ខេត្តកំពត៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពតក្រោយពីទទួលព័ត៌មាន ដែលបានចុះផ្សាយក្នុងគេហទំព័រមួយ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ មានចំណងជើងថា «ល្បែងស៊ីសងខុសច្បាប់ សង្វៀនបញ្ជល់មាន់ និង អាប៉ោង នៅក្នុងស្រុកជុំគិរី…»

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាដល់កម្លាំងជំនាញ ធ្វើការស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ ជាលទ្ធផលយើងស្រាវជ្រាវរកឃើញ ទីតាំងសង្វៀនបញ្ជល់មាន់ មួយកន្លែង លួចលាក់ក្នុងភូមិចាស់ មិនមានមនុស្សរស់នៅ ដោយម្ចាស់ដីចេញធ្វើពលករចំណាក ស្រុក ស្ថិតនៅក្នុងភូមិដំណាក់ស្នូល ឃុំស្រែក្នុង ស្រុកជុំគិរី ដែលជាតំបន់ស្ថិតនៅក្នុងព្រៃរបោះដាច់ស្រយាលឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ។

កងកម្លាំងយើងបានធ្វើការរុះរើ និងដុតបំផ្លាញសម្ភារៈ ទាំងនោះ ដូចមានក្នុងរូបភាព។

ទន្ទឹមនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏សូមស្វាគមន៍ចំពោះការផ្តល់ព័ត៌មាននានា តាមរយៈប្រព័ន្ធទូរស័ព្ទប្រចាំបញ្ជាលេខ ០៩៧ ៧៧៨ ០០១០ ឬ តាមរយៈ គេហទំព័រផ្លូវការ «ស្នងការដ្ឋាននគរបាលខេត្តកំពត » ដើម្បីខាងយើងខ្ញុំ ធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបឲ្យខាងតែបានដោយធានាបានសន្តិសុខសណ្តាប់ធ្នាប់កាន់តែប្រសើរឡើង ក្នុងខេត្តកំពត។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close