ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជន ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស គេហទំព័រអនឡាញមួយចំនួន ដែលបានចុះផ្សាយព័ត៌មាន មានទីតាំងបើកល្បែងស៊ីសងខុសច្បាប់ដ៏ធំ មួយតាមប្រព័ន្ធអនឡាញ (ភ្នាល់បាល់ ភ្នាល់បៀ ជល់មាន់) នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មិនមានសមត្ថកិច្ចណាចុះបង្ក្រាប ។
បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាអអធិការដ្ឋាននគរបាលក្រុងដូនកែវ ចុះធ្វើការតាមដាន ដើម្បីស្រាវជ្រាវនិងបង្ក្រាប តែក្នុងរយៈពេល២ថ្ងៃ ទីតាំងដែលបានផ្សាយខាងលើបានបិទទ្វារ មិនបានបើកធ្វើសកម្មភាពអាជីវកម្មនោះទេ រួមទាំងអាជីវកម្មឆ្នោតខ្មែរ (ឡូតូ) ផងដែរ ។
ដើម្បីឆ្លើយតបចំពោះសកម្មភាពអសកម្មនានាក្នុងមូលដ្ឋាន ក៏ដូចបង្ការនូវការលួចលាក់លេងល្បែងភ្នាល់ផ្សេងៗជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតខ្មែរដែលស្របច្បាប់ អធិការដ្ឋាននគរបាលក្រុងដូនកែវ បានហៅអ្នកគ្រប់គ្រងទីតាំងខាងលើ ដើម្បីធ្វើការអប់រំ និងកិច្ចសន្យាលាយលក្ខអក្សរ មិនឱ្យមានការលួចលាក់លេងល្បែងខុសច្បាប់នៅទីតាំងខាងលើ ដែលខុសពីអាជ្ញាប័ណ្ណ និងបន្តដាក់កម្លាំងឃ្លាំមើលបន្តជាប្រចាំ ដើម្បីបង្ក្រាប។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥) របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនាដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕ សូមអរគុណ!!!