អនុប្រធានស្រុកខ្សាច់កណ្តាល នៃគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវ ប៉ូលិស ឃាត់ខ្លួន

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមឆ្លើយតប ចំពោះគណនីហ្វេសបុកឈ្មោះ Chum Hour ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា ៖ សេចក្តីជូនដំណឹង! នៅរសៀលនេះថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២ លោក ជាម សុខុន ជាសមាជិកថ្នាក់ដឹកនាំចលនាយុវជនខ្មែរស្រឡាញ់ជាតិ និងជាអនុប្រធានស្រុកខ្សាច់កណ្តាល នៃគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានអាជ្ញាធរ ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ពាក់ព័ន្ធដែលគាត់តវ៉ាដីរួមជូនប្រជាពលរដ្ឋ ដែលត្រូវរំលោភបំពានដោយក្រុមហ៊ុនឯកជន នៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ព័ត៌បន្ថែមសូមទាក់ទងលេខ0965673700។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបំភ្លឺករណីខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ១៥:០០នាទី លោកអធិការបានចុះស្រាវជ្រាវឲ្យដឹងថា ៖ ជាករណីទំនាស់ដីធ្លី នៅចំណុចវត្តមុន្នីរង្សី ហៅវត្តទួលសង្កែ ភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

កន្លងមកដីវត្តមុន្នីរង្សីហៅវត្តទួលសង្កែមានទំហំដីតែ២ហិតា៩អា ប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០២១ លោក ពោច សួរ បានយកគ្រឿងចក្រដឹកអាចម៍ដីយកទៅចាក់ជូនដីវត្តមុន្នីរង្សី ចំនួន១០០០ឡាន ដោយពុំគិតលុយពី ចៅអធិការវត្តឡើយ។ បន្ទាប់មកលោកពោចសួរ បានបន្តដឹកអាចម៍ដីយកទៅចាក់លើដីមេទឹកដែលជាដីធនធានទឹកជាប់ព្រំខាងកើតដីវត្តមុន្នីរង្សី ហៅវត្តទួលសង្កែ បានប្រហែល ៨០០០ ទៅ ៩០០០ ឡាន គឺឡានយីឌុបលើដីដែលមានទំហំប្រហែលជាង២ហិចតា។

ក្រោយពេលលោក ពោច សួរ ចាក់អាចម៍ដីពេញមេទឹកដែលជាដីរបស់រដ្ឋទំហំប្រហែលជាង២ហិចតា ពេលនោះឈ្មោះ ជាម សុខុន បាននាំប្រជាជនដើរផ្តិតមេដៃគ្រាំទ្រឲ្យធ្វើការតវ៉ាយកដីមេទឹកដែលលោក ពោច សួរចាក់អាចម៍ដីប្រគល់ជូនវត្តមុន្នីរង្សីទាំងអស់ ហើយ ឈ្មោះ ជាម សុខុន បាននាំប្រជាពលរដ្ឋយកកូនឈើ ទៅដាំលើដីមេទឹកដែលលោកពោចសួរចាក់អាចម៍ដី។ បន្ទាប់មកអាជ្ញាធរស្រុកខ្សាច់កណ្តាល បានកោះហៅព្រះចៅអធិការវត្តមុន្នីរង្សី គណៈកម្មាការវត្ត និងឈ្មោះ ជាម សុខុន ដើម្បីដោះស្រាយ។

ជាក់ស្តែងអាជ្ញាធរស្រុក បានសម្រេចកាត់ដី មេទឹកដែលជាប់ព្រំប្រទល់ខាងកើតវត្តមុន្នីរង្សីទំហំ ២១៧ម៉ែត្រ X ៥០ម៉ែត្រ ប្រគល់ជូនវត្តមុន្នីរង្សីបន្ថែមទៀត។ ចំពោះអាចម៍ដីដែលលោក ពោច សួរ បានយកទៅចាក់ដីមេទឹកអាជ្ញាធរស្រុក បានសម្រេចឲ្យ លោក ពោចសួរ ជីកស្តាយកអាចម៍វិញ កុំឲ្យប្រជាពលរដ្ឋយល់ច្រឡំ ដោយឲ្យរក្សាដីមេទឹកនៅដដែល។

នៅថ្ងៃទី០៥.០៣.២០២២ វេលាម៉ោង ៧:០០នាទី ឈ្មោះ ពោច សួរ បានយកគ្រឿងចក្រទៅជីកយកអាចម៍ដីដល់ម៉ោង ៨:៣០នាទី ឈ្មោះ ជាម សុខុន បានគាងគរប្រជាពលរដ្ឋបានប្រហែលជាង ១០នាក់ ទៅឃាត់គ្រឿងចក្រ មិនឲ្យធ្វើសកម្មភាពកាយយកអាចម៍ដី ហើយឈ្មោះ ជាម សុខុន បានឡើងលើអេស្កាវ៉ាទ័រដណ្តើមយកកូនសោរ និងចាប់ទាញឈ្មោះ ម៉ោង សុខឡូត ជាតៃកុងអេស្កាវ៉ាទ័រទំលាក់មកដី ព្រមទាំងវាយឈ្មោះ ម៉ោង សុខឡូត ត្រូវក្បាលចំនួន៣ដៃបណ្តាលឲ្យមានរបួសហើមពកមុខ ពេលនោះឈ្មោះ ជាម សុខុន បានឲ្យឈ្មោះ ម៉ោង សុខឡូត លុតជង្គុងលើកដៃសំពះអង្វរសុំទោសខ្លួន ឃើញដូចនោះឈ្មោះ ថុង សៀកលីវ ដែលជាតៃកុងរថយន្តដឹកដីបានចុះសម្រួលត្រូវឈ្មោះ ជាម សុខុន វាយត្រូវកញ្ចឹងក ចំនួន១ដៃបណ្តាលឲ្យមានរបួសហើមពក កញ្ចឹងក។ បន្ទាប់មកឈ្មោះ ជាម សុខុន បានដកយកកូនសោររថយន្តដឹកដីរបស់ឈ្មោះ ថុង សៀកលីវ ទុក។

ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ពុកឬស្សី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះអន្តរាគមន៍ ឃាត់ខ្លួន ឈ្មោះ ជាម សុខុន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតិវិធី។

ក្នុងករណី ឈ្មោះ ជាម សុខុន បានប្រព្រឹត្ត អំពើហិង្សាដោយចេតនា ទៅលើ ឈ្មោះ ម៉ោង សុខឡូត និងឈ្មោះ ថុង សៀកលីវ ហើយករណីនេះ គឺជាករណី បទល្មើសជាក់ស្តែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close