ចេះបំបាំងកាយមែន? ស្ទាក់ឃាត់ រថយន្តក្រុង ៨គ្រឿង ដឹកទំនិញចូល ពីព្រំដែន ប្រទេសវៀតណាម !

ភ្នំពេញ៖ ​មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានកំណត់មុខសញ្ញា និងស្ទាក់ឃាត់រថយន្តក្រុងចំនួន៨គ្រឿង ដែលបានដឹកទំនិញចូលពីព្រំដែនប្រទេសវៀតណាម នៅចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅរសៀលថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២នេះ ។

កិច្ចការនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសហការពីកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញទៅនឹងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ការពារសិទ្ធិរបស់អ្នកប្រើប្រាស់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ធានាបានការប្រកួតប្រជែងប្រកបដោយស្មោះត្រង់ និងសុចរិតក្នុងធុរកិច្ច។

លទ្ធផលបឋម មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឃាត់ឆែកឆេរ រកឃើញនូវបទល្មើសក្លែងបន្លំ មិនមានអនុលោមភាពលើលិខិតបទដ្ឋានគតិយុត្ត រំលោភកម្មសិទ្ធិបញ្ញា និងមិនមានឯកសារពាក់ព័ន្ធនឹងការនាំចូល លើប្រភេទទំនិញមួយចំនួន។

មន្រ្តីជំនាញនឹងបន្តអនុវត្តវិធានការ ស្របតាមនីតិវិធីជាធរមាន៕ រូបភាព៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

អត្ថបទដែលជាប់ទាក់ទង
Open

Close