ម្ចាស់ផ្ទះ ប្រាប់សមត្ថកិច្ចថា បើកលក់កាហ្វេ ភេសជ្ជៈ និងបានបើកបញ្ចាំង កីឡាប្រដាល់ ជល់មាន់ និងកម្មវិធីផ្សេងៗទៀត តាមទូរទស្សន៍ ឱ្យភ្ញៀវបានមើលកម្សាន្ត….!

ខេត្តកំពង់ចាម៖ ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់អ្នកសារព័ត៌មាន និងសាធារណជន ពិសេសអ្នកនិយមក ប្រើប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុក ជ្រាបថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មាន ពីបណ្តាញគេហទំព័រអ្នកសារព័ត៌មាន បានចុះផ្សាយថា មានទីតាំង លេងល្បែងស៊ីសងខុសច្បាប់ តាមទូរទស្សន៍អនឡាញ (online) ស្ថិត នៅក្នុងភូមិបឹងត្រាវ និងភូមិអន្លង់អកលិច ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដែលទីតាំងនេះ សមត្ថកិច្ច ធ្លាប់បានធ្វើការអប់រំ និងកិច្ចសន្យា ចំពោះ ម្ចាស់ផ្ទះ ម្ដងរួចមកហើយ កាលពី ខែមុន ។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសូរគង និងអាជ្ញាធរមូលដ្ឋាន ចុះដល់ទីតាំងចុះផ្សាយខាងលើ ហើយជាលទ្ធផល សមត្ថកិច្ច បានហៅម្ចាស់ទីតាំង មកធ្វើការសាកសួរបំភ្លឺ និងបានបញ្ជាក់ឲ្យដឹងថា ជាធម្មតាពួកគាត់ បានបើកលក់កាហ្វេ ភេសជ្ជៈ និងបានបើកបញ្ចាំង កីឡាប្រដាល់ ជល់មាន់ និងកម្មវិធីផ្សេងៗទៀត តាមទូរទស្សន៍ ឱ្យភ្ញៀវបានមើលកម្សាន្ត ដែលក្នុងមួយថ្ងៃ មានចំនួនភ្ញៀវ ចាប់ពី១០នាក់ ដល់១៥នាក់ ពុំមានសកម្មភាពភ្នាល់ដាក់ប្រាក់ នោះទេ គឺគ្រាន់តែមើលកំសាន្តតែប៉ុណ្ណោះ ។

បន្ទាប់ពីធ្វើការសាកសួរបំភ្លឺរួច សមត្ថកិច្ចយើង ក៏បានធ្វើការណែនាំ និងធ្វើកិច្ចសន្យាអប់រំ ម្ចាស់ទីតាំងទាំងពីរ ដើម្បីកុំឲ្យមានសកម្មភាពភ្នាល់ល្បែងស៊ីសងខុសច្បាប់ជាដាច់ខាត ។

ពាក់ព័ន្ធនឹងការលួចលេងល្បែងស៊ីសង់នេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងមូលដ្ឋាន ដោយបច្ចុប្បន្ន លោកអធិការ បានចាត់តាំងលោកអធិការរង១រូប ដែលទទួលដឹកនាំពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរគង ដាក់កម្លាំងល្បាតឃ្លាំមើលទីតាំងខាងលើ ដើម្បីជាវិធានការបង្កា បង្ក្រាបសកម្មភាពល្បែងស៊ីសងខុសច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមដែលតែងសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ចាម យើងខ្ញុំនឹងខិតខំពង្រឹងសមត្ថភាពជំនាញក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ពិសេសការសម្ងាត់ជូនគ្រប់ប្រភពដែលបានផ្ដល់ព័ត៌មាន និងសូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការរក្សាការសម្ងាត់ផ្ទាល់ខ្លួន ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈក្រុមការងារប្រតិកម្មរហ័ស ប្រព័ន្ធលេខទូរស័ព្ទ 015 727 337 ឬ 069 988 833 ។

អត្ថបទដែលជាប់ទាក់ទង
Open

Close