ហ្គេមបាញ់ត្រី លើផ្សារទំនើប City Mall អភិបាល និង អធិការខណ្ឌ៧មករា មិនទាន់អើពើ!

ភ្នំពេញ ៖ ហ្គេមបាញ់ត្រី នៅក្នុងផ្សារទំនើប សុីតធីម៉ល «City Mall» ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកទ្វារ ទទួលស្វាគមន៍អតិថិជន មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេស បាននឹងកំពុងអូស ទាញពង្វក់ស្មារតីក្មេងៗសិស្ស មួយចំនួន ភ្លេចការសិក្សា តែហាក់មិនរំខាន ដល់ អាជ្ញាធរ និង សមត្ថកិច្ច សោះ?

ប្រភពពីអ្នកចេញចូលលេងល្បែងបាន ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាចំពោះទីតាំងបើកហ្គេមបាញ់ត្រីក្នុងផ្សារសុីតធីម៉ល ជាន់ខាងលើ នេះពួកគេ ចេញ ចូលលេងដោយគ្មានការព្រួយបារម្មណ៍នោះទេ គឺលេងដោយសុវត្ថិភាព មានទាំងអ្នកយាមកាមត្រឹមត្រូវទៀតផង ចំពោះខាង អាជ្ញាធរ និង សមត្ថកិច្ច វិញ ក៍បាច់បារម្ភដែរ ។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធ រ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង ? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែងមកលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ។

កាលពីពេលថ្មីៗនេ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា ចរណែនាំ របស់ រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ ឡេីយ ។

សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។

សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការ យោគយល់ឡើយ ដើម្បីធានាឲ្យបាន នូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ ឳពុក ម្តាយក៏ដូចជាអាណាព្យាបាលសិស្សសាលា នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក លីម សុភាព អភិបាលខណ្ឌ៧មករា និង លោក នេត សុីថុន អធិការខណ្ឌ ៧មករា មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង ហ្គេមបាញ់ត្រីក្នុងផ្សារសុីធីម៉ល ខាងលើនេះផង ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close