ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលសិស្សានុសិស្ស និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A ចំនួន ៦រូប ក្នុងខេត្តស្ទឹងត្រែង សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ សម្រាប់ឆ្នាំសិក្សា២០២១ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលខាងមុខ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន ស.ស.យ.ក, យុវជន ស.យ.ស.ស នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង។
ឯកឧត្តម ស្វាយ សំអ៊ាង បានអបអរសាទរដល់សិស្សានុសិស្សដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រ មធ្យមសិក្សាទុតិយភូមិទាំង ៦រូបនេះ និងបានអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀន និងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះ ជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់សិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
គូសបញ្ជាក់ថា៖ រង្វាន់ដែលប្រគល់ជូនសិស្សនិទ្ទេស A ចំនួន ៦នាក់ ដោយសិស្សម្នាក់ៗទទួលបានថវិកាចំនួន ៣លាន២រយពាន់រៀល លោកនាយកសាលា លោកគ្រូ អ្នកគ្រូចំនួន ២២នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ម្ភៃម៉ឺនរៀល និងសិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធចំនួន ៦០នាក់ ម្នាក់ៗទទួលបានចំនួន ៣០.០០០រៀលផងដែរ៕
ដោយ៖ គឹមលាង