អាជ្ញាធរខណ្ឌមានជ័យ ប្រគល់ធុងសំរាម ជូនដល់ មន្ទីរពេទ្យបង្អែក ស្ទឹងមានជ័យ និង សាលាបឋមសិក្សាស្ទឹងមានជ័យ

ភ្នំពេញ៖ នៅវេលាម៉ោង ៩និង០០ នាទីព្រឹក ថ្ងៃ អាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានជួបសំណេះសំណាល និង ប្រគល់ធុងសំរាម ចំនួន ៦ធុង ជូនដល់ មន្ទីរពេទ្យបង្អែក ស្ទឹងមានជ័យ និង សាលាបឋមសិក្សាស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យយើងទាំងអស់គ្នា ក៍ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយចូលរួមចោលសំរាមចូលទៅក្នុងធុងសំរាមអោយបានត្រឹមត្រូវ មិនត្រូវចោលសម្រាម ពាសវាលពាសកាល ដែលនេះជាចំនុចដែលធ្វើអោយសោភ័ណ្ឌភាព ក្នុងមូលដ្ឋានខណ្ឌមានជ័យ របស់យើងមានការថយចុះ និងបាត់បង់នូវការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតជាមួយនិងខណ្ឌ ផ្សេងៗទៀតដែរ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានថ្លែងអំណរគុណដល់ប្រធានមន្ទីរពេទ្យបង្អែកស្ទឹងមានជ័យ ដែលបានខិតខំយកចិត្តទុកដាក់ និង យ៉ាងស្រស្រះស្រស្រាំ ក្នុងការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាខណ្ឌមានជ័យ ក៍ដូចជាប្រជាពលរដ្ឋដែលមកពីក្រៅមូលដ្ឋាន ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ដូសទី៣ និងដូសទី៤ បានទាន់ពេលវេលា ។ ហើយ លោកអភិបាលរង សូមផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យ វិចខ្ចប់ ទុកដាក់ កាកសំណល់ បរិក្ខាពេទ្យ ដែលបានប្រាស់រួច ក្នុងការព្យាបាលអ្នកជម្ងឺរួចមក សូមអោយក្រុមគ្រូពេទ្យវិចខ្ចប់ ទុកដាក់ កាកសំណល់ បរិក្ខាពេទ្យនេះ អោយបានត្រឹមត្រូវ ក្នុងធុងសំរាម ជៀសវាងការឆ្លងមេរោគដល់បងប្អូនប្រជាពលរដ្ឋ ព្រោះថាបរិក្ខាពេទ្យនេះ ដែលបានប្រើរួចជាប្រភពនៃមេរោគ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានជំរុញឱ្យមន្រ្តីជំនាញ ក៏ដូចជាមន្ត្រី ក្នុងខណ្ឌ នៅតាមការិយាល័យ នីមួយៗ ដោយសហការជាមួយក្រុមហ៊ុន ស៊ិន ទ្រី អោយបានគ្រប់ពេលវេលា ដើម្បីចូលរួមទាំងអស់គ្នាក្នុងការសម្អាតបរិស្ថាន នៅតាមមូលដ្ឋានសង្កាត់របស់យើង ក៏ដូចជានៅតាមទីសាធារណៈ ឱ្យល្អស្អាតទាំងអស់គ្នា និងត្រូវជួយ ផ្សព្វផ្សាយ ពន្យល់ ឬណែនាំដល់អ្នកដែលចោលសំរាមពាសវាល ពាសកាល នោះផងដែរ ។ ទន្ទឹមនឹងនេះ លោក ឌីរ័ត្នខេមរុណ អភិបាលរង អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋចូលរួម សម្អាតបរិស្ថាន អនាម័យ និងទុកដាក់ វិចខ្ចប់ សំរាមអោយបានត្រឹមត្រូវ និង បញ្ចេញសំរាមអោយទាន់ពេលវេលា ដើម្បីងាយស្រួលដល់ក្រុមភ្នាក់ងារប្រមូលសំរាម ។

យ៉ាងណាមិញសូម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម តាមអនុសាសន៍ ដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អោយបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែសអោយសោះ ព្រោះមួយរយៈពេលចុងក្រោយនេះ ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Omicron (អូមីក្រុង) កំពង់ឆ្លងចូលសហគមន៍ គួរអោយមានការព្រួយបារម្ភ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close