អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន ៨០នាក់!

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន ៨០នាក់ ស្រី ៥៦នាក់ ក្នុងនោះអ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់ក្នុងបន្ទប់ ICU មានចំនួន៨នាក់ ស្រី៥នាក់។
ក្នុងចំណោមអ្នកជំងឺធ្ងន់ទាំង៨នាក់ខាងលើមាន៦នាក់មិនបានចាក់វ៉ាក់សាំងនោះទេ ដែលធ្វើឱ្យស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ និងត្រូវប្រើរយៈពេលយូរដើម្បីព្យាបាល តួយ៉ាងក្នុងនោះមានអ្នកជំងឺ២នាក់គិតចាប់ពីថ្ងៃបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រហូតដល់ថ្ងៃនេះមានរយៈពេលជិត២០ថ្ងៃហើយ តែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ មិនទាន់ទាន់ធូរស្បើយនៅឡើយទេ។

សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់ដូស នឹងជួយបង្កើនភាពស៊ាំ និងការពារមិនឱ្យស្ថានភាពជំងឺវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរ និងកាត់បន្ថយហានិភ័យដល់អាយុជីវិត ហើយការព្យាបាលឆាប់ជាសះស្បើយ និងមិនអូសបន្លាយពេលវេលាយូរ។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបន្តទៅដូសជំរុញ និងត្រូវបន្តអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត​ និងវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣.ការពារ ៣.កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅទប់ស្កាត់ការឆ្លងរាលដាលឡេីងវិញនៃជំងឺកូវីដ-១៩​ ជាពិសេសមេរោគបំលែងថ្មី​ អូមីក្រុង។

អត្ថបទដែលជាប់ទាក់ទង
Open

Close