ខេត្តមណ្ឌលគិរី៖ អាជ្ញាធរក្រុងសែនមនោរម្យ តម្រូវឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ត្រូវកាយអាចម៍ដី ចេញពីទីតាំងដែលចាក់រំលោភចូលទៅដីទ្រនាប់ដងអូរឬដីចំណីអូរ ស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អាជ្ញាធរក្រុងសែនមនោរម្យ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានចុះត្រួតពិនិត្យទីតាំងសាងសង់ស្ថានីយ ប្រេងឥន្ធនៈថ្មីមួយកន្លែង បានរកឃើញថា ម្ចាស់ស្ថានីយនោះ បានចាក់អាចម៌ដីរាប់រយរថយន្ត រំលោភចូល ដីទ្រនាប់អូររបស់រដ្ឋ ដែលជាផ្លូវទឹកដ៏សំខាន់ ក្នុងការបញ្ចៀសការជន់លិច ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតាមដងអូរនារដូវវស្សា ។
ការត្រួតពិនិត្យ ឃើញថា ការចាក់អាចម៍ដីរំលោភចូលចំណីអូរនេះ មិនត្រឹមត្រូវតាមបច្ចេកទេស បំពានទៅនឹងច្បាប់ ហើយអាជ្ញាធរបានជូនដំណឹង ឲ្យម្ចាស់ស្ថានីយខាងលើ ត្រូវតែកាយអាចម៍ដីទាំងនោះចេញជាបន្ទាន់។
ជាការកត់សម្គាល់នៅក្នុងខេត្តមណ្ឌលគិរីតែងតែមាន ជនខិលខូច អាងអំណាច លុយកាក់បានប្រើសកម្មភាព វាត់ទីយកដីចំណីអូរ ព្រៃទ្រនាប់អូរ របស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយអ្នកខ្លះថែមបាន លុប អូរទឹកច្រប់ ដើម្បីទុកជាកម្មសិទ្ធិបុគ្គលផង។
យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ លេខ ៩៨ អ ន ក្រ.ប ក បាន បញ្ជាក់ថា អូរ សំដៅដល់ផ្លូវទឹកធម្មជាតិ ដែលទទួលប្រភពទឹក មកពីជ្រោះ និងពីតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើ ហើយហូរចូលព្រែក ស្ទឹង ទន្លេ ឬបឹង ផ្ទៃចំណីមាត់ច្រាំង របស់អូរមានចម្ងាយ ១០ ម៉ែត្រគិតពីមាត់ច្រាំងអូរ។មហាជនបានលើកឡើងថា កន្លងមកម្ចាស់ ការ៉ាសសាំងមួយនេះ ធ្លាប់បានធ្វើសកម្មភាពចាក់ដីលុបបំពេញ ដីច្រប់ ដែលនៅអមសងខាងផ្លូវជាតិលេខ ៧៦ ក្បែរការ៉ាស់សាំងនេះ បានជោគជ័យម្ដងហើយ។
មហាជនរង់ចាំមើលថា តើអាជ្ញាធរ អាចមានវិធានការជោគជ័យ លើការរំដោះដីចំណីអូរ នេះបានដែរឬទេ?
ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី