បែកធ្លាយរឿង! ទណ្ឌិត ឈ្មោះ ស ប៊ុនសឿង អតីតមេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រើហិង្សាបណ្ដាលឱ្យជនរងគ្រោះស្លាប់ ខ្លួនជាប់ពន្ធនាគារមិនទាន់ស្រួលបួលផង ស្រាប់តែរត់ការយកមុខដំណែងរបស់ខ្លួនវិញ ជាមេបញ្ជាការរងដដែល !
ភ្នំពេញ៖ យោងតតាមប្រភពព័ត៌មានអាចយកជាផ្លូវការបាន លួចបង្ហើបយ៉ាងច្បាស់ថា ទណ្ឌិតម្នាក់ឈ្មោះ ស ប៊ុនសឿង អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលប្រើហិង្សាដោយចេតនាស្ថានទម្ងន់ទោស វាយទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ នៅកន្លែងឃាត់ខ្លួន របស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនោះ ស្រាប់តែថ្មីៗនេះលឺថាទណ្ឌិតរូបនេះ កំពុងរត់ការជាមួយថ្នាក់លើចូលកាន់ដំណែងរបស់ខ្លួនវិញ។ ខណៈសាលដីការរបស់សាលាឧទ្ធរណ៍ បានចូលជាស្ថាពរទៅហើយ និងកំពុងអនុវត្តទោសទៀតនោះ ។
សូមបញ្ជាក់ថា ដោយសាលាដំបូងខេត្តសម្រេចចេញសាលក្រមដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ ដូច្នេះបុគ្គលរូបនេះគឺមិនអាចធ្វើជាកងកម្លាំងទៀតបានទេ។
គួរបញ្ជាក់ថា ទណ្ឌិត ស ប៊ុនសឿង ក្រោយតុលាការកាត់ទោសដាក់ពន្ធនាគាររួចមក រួចអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្នើសុំលប់ឈ្មោះទៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ហើយអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើលិខិតស្នើសុំលប់ឈ្មោះចេញពីកងទ័ពទៅក្រសួងការពារជាតិផងដែរ។ ប៉ុន្ដែទៅដល់ក្រសួងការពារជាតិ ឈ្មោះនេះត្រូវបានប្រឹងប្រែងរត់ការជាមួយជំនាញបុគ្គលិកក្រសួង និងអ្នកមានអំណាចនៅក្រសួង ដើម្បីកុំឱ្យឈ្មោះលុបចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ ប៉ុន្តែបែបជាឈ្មោះទណ្ឌិតរូបនេះ ត្រូវបានរត់ការដាក់នៅកន្លែងរង់ចាំ(នាយកដ្ឋានបុគ្គលិក) ដោយមិនបានលុបឈ្មោះខ្លួនចេញទេ។ ខណៈដែលសាលដីកាចូលជាស្ថាពរហើយ គឺរយៈពេល ១ឆ្នាំ ០៦ខែ និងបានជាប់ពន្ធនាគារ ក្លាយខ្លួនជាទណ្ឌិត និងជាអ្នកទោសទៅហើយ ដោយទោសសល់ប៉ុន្មានត្រូវព្យួរ ២ឆ្នាំ ០៤ខែ។ ឥឡូវនឹងបុគ្គលរូបនេះ មិនបានលុបចោលចេញពីឈ្មោះកងទ័ពនោះទេ ស្រាប់តែយកឈ្មោះនេះទៅរក្សាទុកនៅកន្លែងរង់ចាំទៅវិញ។ មិនតែប៉ុណ្ណោះ ស្រាប់តែថ្មីៗនេះ ទណ្ឌិត ស ប៊ុនសឿង កំពុងរត់ការសុំផ្ទេរឈ្មោះចេញពីកន្លែងរង់ចាំ ដើម្បីចូលមកធ្វើការជាមន្រ្តីកងរាជអាវុធហត្ថវិញ ដោយទី១, ទណ្ឌិតរូបនេះ ចង់មកបម្រើការជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដដែលវិញ
ទី២ បើទោះបីជាមិនបានទៅជាមេបញ្ជាការរងខេត្តបន្ទាយមានជ័យក៏ដោយ ប៉ុន្តែឱ្យតែបានតំណែងជាមេបញ្ជាការរងខេត្តណាក៏បានដែរ។ ប៉ុន្តែប្រភពច្បាស់ការណ៍មួយបានបង្ហើបប្រាប់ថា៖ ទណ្ឌិត ស ប៊ុនសឿង រូបនេះអាចនឹងទៅកាន់តំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យវិញ បើធ្វើបានមែនពិតជាខ្លាំងមែន។ ព្រោះជាក់ស្ដែង ទណ្ឌិត ស ប៊ុនសឿង កំពុងរត់ការជាមួយថ្នាក់លើក្រសួងផ្នែកនាយកដ្ឋានបុគ្គលិក និងមានការជ្រុំជ្រែងជួយរត់ការពីថ្នាក់ដឹកនាំពីកងរាជអាវុធហត្ថមួយចំនួន ឱ្យចូលកាន់ដំណែងរបស់ខ្លួនវិញផងដែរ។
សូមជម្រាបថា យោងតាមសាលក្រមព្រហ្មទណ្ឌលេខ៖៣៣”ឈ”ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ របស់សាលដំបូងខេត្តបាត់ដំបង បានសម្រេចផ្ដន្តាទោសជនជាប់ចោទឈ្មោះ ស ប៊ុនសឿង ភេទប្រុស អាយុ៤៧ឆ្នាំ ដាក់ពន្ធនាគាររយះពេល០៤ឆ្នាំ ពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោសសារមរណភាពជនរងគ្រោះ។
ក្រោយមកជនជាប់ចោទមិនសុខចិត្ត ក៏បានប្ដឹងទៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង់ នោថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយសាលាឧទ្ធរណ៍បានសម្រេចឱ្យជនជាប់ចោទ ដែលត្រូវជាប់ទោសរយះពេល០៤ឆ្នាំដដែល តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយះពេល១ឆ្នាំ០៦ខែប៉ុណ្ណោះ ទោសសល់ពីនេះត្រូវព្យួយធម្មតាវិញ។
ដោយឡែកពាក់ព័ន្ធនិងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានក្នុងស្រុក ព្យាយាមទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសួរបំភ្លឺ នៅរសៀលថ្ងៃអង្គារទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ តាមរយៈទូរស័ព្ទចំនួន ៣លើក មិនមានការឆ្លើយតប និងបានព្យាយាមទំនាក់ទនងតាមប្រព័ន្ធតេឡេក្រាមផងដែរ ប៉ុន្តែគ្មានការឆ្លើយតប។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ វិញ អង្គភាពសារព័ត៌មាននៅរសៀលនៅថ្ងៃដដែលនេះ ក៏បានទំនាក់ទំនងតាមរយៈទូរស័ព្ទចំនួន ២លើក តែមិនអាចទាក់ទងបាន ព្រោះនៅក្រៅតំបន់សេវា។
គួរជម្រាបថា បន្ទាប់ពីមានករណីនេះ កើតតឡើង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យលោក កែវ រ៉េមី និង លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះធ្វើការស្រាវជ្រាវករណីនេះបន្ទាន់ ទើបឈានទៅឃាត់ខ្លួនទណ្ឌិតឈ្មោះ ស ប៊ុនសឿន អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកូនចៅរបស់គាត់ម្នាក់ទៀតត្រូវបានរកឃើញការពិតនៃការស្លាប់របស់ជនរងគ្រោះឈ្មោះ ទុយ ស្រស់ បណ្តាលឱ្យស្លាប់ រួចក៏បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់។
ក្រោយឃាត់ខ្លួន បញ្ជូនទៅតុលាការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០កន្លងទៅនោះ អយ្យការអមសាលាដំបូងខេត្ត បានសម្រេចចោទប្រកាន់ទៅលើឈ្មោះ ស ប៊ុនសឿង មេបញ្ជាការរងនិងមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងឈ្មោះ ឆយ រដ្ឋនា ជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២បទល្មើស៖
ទី១ ពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងទី២,ពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោសសារមរណភាពជនរងគ្រោះ។
សូមរម្លឹកថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០កន្លងទៅជនសង្ស័យមានឈ្មោះ ទុយ ស្រស់ នៅភូមិជ្រៃឃុំសឹង្ហស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរីដែលជនរងគ្រោះដែលស្លាប់នេះនិងបក្ខពួក៤នាក់ទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ខណៈពេលមកតវ៉ារឿងដីធ្លីមុខសាលាខេត្តបន្ទាយមានជ័យ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនមានឈ្មោះ ទុយ ស្រស់ ត្រូវបានស្លាប់ដោយមានស្លាកស្នាមជាំស្ទើរពេញដងខ្លួននិងបែកថ្លើម ។
ក្រោយពីមានការបែករឿងនេះនិងមានការសំណូមពរពីក្រុមគ្រួសារជនរងគ្រោះ ឱ្យមានការជួយរកយុត្តិធម៌នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា បើកការស៊ើបអង្កេតជុំវិញករណីស្លាប់របស់ជនសង្ស័យឈ្មោះ ទុយ ស្រស់ ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនពីបញ្ហាតវ៉ារឿងដីធ្លីដោយសង្ស័យថាមានករណីធ្វើទារុណកម្ម បណ្តាលឱ្យឈ្មោះ ទុយ ស្រស់ ស្លាប់។
ក្រោយពីទទួលនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតក្រុមការងារអធិការកិច្ចរបស់គណៈកម្មការចំពោះកិច្ចក្នុងការចុះធ្វើការស៊ើបអង្កេតនិងសាកសួរចម្លើយអ្នកពាក់ព័ន្ធជាលទ្ធផលបានរកឃើញនាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់៖ ១/-វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២មុខងារមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, និង២/-អនុសេនីយ៍ឯក ឆយ រដ្ឋនា អត្តលេខ ១៩៧៣៩៩ មុខងារជាជំនួយការការិយាល័យ ប្រឆាំងគ្រឿងញៀន និងបានធ្វើការចោទប្រកាន់ជនទាំង២នាក់នេះ ធ្វើការធ្វេសប្រហែសក្នុងការអនុវតតួនាទីភារកិច្ចរបស់ខ្លួន៕