ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី កាប់បំផ្លាញ ទ្រព្យសម្បត្តិ អ្នកដទៃ

បាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប ឃាត់ខ្លួនបន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្តឹងទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ចាន់ សៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងជំនាញឃាត់ខ្លួនបានកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែគុម្ភះ ឆ្នាំ២០២២ ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ គង់ វ៉ារី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាឌ្រីម C-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1AD-6236 រងការខូចខាតយ៉ាងដំណំ។

លោកវរសេនីយ៍ឯកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល បានបញ្ជាក់ប្រាប់ភ្នាក់ងារTNNថា៖ជនបង្កហេតុខាងលើបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែគុម្ភះ ឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយសារ ទំនាស់ពាក្យសំដីគ្នា។

វត្ថុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យមាន៖ម៉ូតូម៉ាក Kawasaki ពណ៌ស លាយខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U-2646 និងពូថៅដៃ ចំនួន១។

លោកវរសេនីយ៍ឯកឈឿង គឹមសុង បានបន្តថា៖ការឃាត់ខ្លួនជនសង្ស័យ ដូចការរៀបរាប់ខាងលើ គឺអនុវត្តន៍តាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលនិតិវិធីដោយលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទៅធ្វើការសាកសួរធ្វើកំណត់ហេតុ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close