បញ្ជូនខ្លួនជនសង្ស័យប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារទៅតុលាការ
ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ ឈ្មោះ ម៉ានឡន ភេទប្រុសអាយុ ៣៣ ឆ្នាំ រស់នៅភូមិ កេតមឿងឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង បានបង្កអំពើហិង្សា ក្នុងគ្រួសារ បណ្តាលឱ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ។
លោកវរសេនីយ៍ឯក ជីមអេន អធិការស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ ករណីហឹង្សានេះ បានបង្កឡើងនៅវេលាម៉ោង១៧និង ២០ នាទីថ្ងៃទី២២កុម្ភៈដោយជនបង្កប្រើចបជីកវាយទៅលើប្រពន្ធ ឈ្មោះ មាន ញ៉ុត អាយុ ២៩ ឆ្នាំជនជាតិខ្មែរ បង្ករបួសស្នាមនៅលើមុខ បែកចិញ្ចើម បាក់ក្តោងច្រមុះ នឹងបែក ឆ្អឹងដៃផងដែរ។
លោកវរសេនីយ៍ឯកបន្តថា ក្រោយទទួលបានព័ត៌មានបង្កហិង្សានេះ សមត្ថកិច្ចនគរបាល បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកមក ធ្វើកំណត់ហេតុ បញ្ជូនបន្ត ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។
បើតាមប្រភពពី ប្រជាពលរដ្ឋនៅ ក្នុងភូមិកេតមឿងឃើញហេតុការណ៍ នេះបានឲ្យដឹងថា ជនសង្ស័យជាមនុស្សញៀនថ្នាំ និងប្រច័ណ្ឌប្រពន្ធទៀតផង ហើយនៅពេលដែលសុំលុយប្រពន្ធមិនបាន ទៅទិញថ្នាំញៀន ក៏បានបង្កអំពើហិង្សាបែបនេះឡើង ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។
ហើយជាមួយនេះកម្លាំងប្រជាការពារនៅក្នុងភូមិ នាំគ្នាធ្វើការ អន្តរាគមន៍ជួយដល់ជនរងគ្រោះដែលជាប្រពន្ធនិងកូនតូច នាំយកទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីជួយសង្គ្រោះ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ានឡន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី ២៣ ខែកុម្ភៈ ២០២២ នេះ ដើម្បី ចំណាត់ការបន្តទៅតាមនិតិវិធី៕