ភ្នំពេញ៖ ភាពអសន្តិសុខ បន្តកើតមាន ក្នុងភូមិសាស្ត្រ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈលោកអនុសេនីយ៍ឯក ឈឹម ខាវីរួតវឌ្ឍនៈ ជានាយប៉ុស្តិ៍ថ្មី ដែល ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទុកចិត្ត តែងតាំងអោយមកកាន់មុខតំណែង ជានាយប៉ុស្តិ៍ បន្ទាប់ពី មេប៉ុស្តិ៍ចាស់ ដល់អាយុចូលនិវត្តនោះ ហាក់មិនទាន់ ស្គាល់ភូមិសាស្ត្រ និង ក្តាប់ បាននូវមុខ សញ្ញាជនសង្ស័យ ឈានដល់ការបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យបាន នៅឡើយ ហើយបទល្មើស ចោរកម្ម បន្តកើតមានជាហូរហែរ ។
យោងតាមរបាយការណ៍ Hotline 117 បញ្ជាក់ថា មាន ករណី បាត់ម៉ូតូ ដោយជនមិនស្គាល់អត្តសញ្ញាណបានកាត់សោររបង ចូលយកម៉ូតូចំនួន ០៣គ្រឿង៖
– ទី១: ម៉ាកHonda Dream សេ 125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FI-7020 ។
– ទី២: ម៉ាកHonda Dream សេ 125 ពណ៌ខ្មៅ ស្លាកលេខ កំពត 1S-9249 ។
– ទី៣: ម៉ាកHonda Beat ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1L-2539 ។
ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ។
នៅវេលាម៉ោង ៤ និង២៣នាទី ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីខាងលើ ដែលស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕
គួររំលឹកផងដែរថា មានការភ្ញាក់ផ្អើល និងការអាក់អនស្រពន់ចិត្តយ៉ាងខ្លាំង ក្រោយលិចលឺដំណឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នឹងមានមេប៉ុស្តិ៍ថ្មី មកដឹកនាំជំនួស លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ដល់អាយុចូលនិវត្តន៍។
ការភ្ញាក់ផ្អើល ជ្រួលច្របល់ណែនក្នុងឳរ៉ា ក៏ព្រោះតែនាយប៉ុស្តិ៍ថ្មី នោះជា បុគ្គលមិនមែន ជាមន្ត្រីនគរបាល ដែលធ្លាប់បំរើការ ក្នុងប៉ុស្តិ៍រដ្ឋបាលនគរបាលឃ្មួញ ទាល់តែសោះ ស្រាប់តែស្ងាត់ៗ ធ្លាក់ ពីលើមេឃ ធ្វើអោយមន្ត្រីនគរបាល ខិតខំបំពេញការងារ តាំងពីសក់ខ្មៅ រហូតប្រែទៅ ស បានត្រឹមខកចិត្ត ស្អិតទ្រូង ហើយលាន់មាត់ថា មិនគួរណា មន្ត្រីថ្នាក់លើ មកដណ្តើមការងារថ្នាក់ក្រោមសោះ? ប្រភព ជជែកគ្នាមិនដាច់សូរពីព្រោះតែការតែងតាំងមន្ត្រីនាយនគរបាលប៉ុស្តិ៍ឃ្មួញ នោះហាក់ដូចជា មិនបានសួរនាំមន្ត្រី នៅក្នុងប៉ុស្តិ៍នោះសោះឡើយ។
បើតាមការជជែកតៗគ្នា ក្នុងចំណោម មន្ត្រីនគរបាល នៅ ឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ហើបថា មន្ត្រីនគរបាល ដែលត្រូវតែងតាំងជានាយប៉ុស្តិ៍ឃ្មួញនោះ គឺមកពីអធិការរដ្ឋានខណ្ឌទួលគោក។
គេមិនដឹងថា រឿងតែងតាំងមន្ត្រីមកពីអធិការនគរបាលខណ្ឌទួលគោក ឲ្យធ្វើជានាយប៉ុស្តិ៍នគរបាលឃ្មួញ ត្រឹមត្រូវដែរ ឬយ៉ាងណានោះទេ។ ប៉ុន្តែ ពិធីប្រកាសចូលកាន់តំណែង ជាផ្លូវការ បានធ្វើឡើងរួចរាល់ហើយដែរ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងថា ប្រសិនបើមានអ្នកចូលនិវត្ត គួរតែផ្ដល់ឱកាសឲ្យមន្ត្រីនៅនឹងកន្លែងឡើងបំពេញភារកិច្ចការងារបន្ត។ គេមិនដឹងថា តើមន្ត្រីនគរបាល នៅប៉ុស្តិ៍ឃ្មួញ គ្មានសមត្ថភាព ឡើងធ្វើជាមេប៉ុស្តិ៍ ឬយ៉ាងណាបានជាត្រូវយក មន្ត្រីនគរបាល ពីកន្លែងផ្សេង ឲ្យឡើងធ្វើជាមេប៉ុស្តិ៍យ៉ាងដូច្នេះ។ ប្រការនេះ វាហាក់ដូចជាផ្ទុយ ទៅនឹងគោលការណ៍របស់ក្រសួងមហាផ្ទៃ ទៅហើយដែរ ។
យ៉ាងណាក៏ដោយ មិនអាចបកក្រោយបានទេ ពីព្រោះថាពិធីប្រកាសមេប៉ុស្តិ៍ថ្មី បានធ្វើឡើងដោយជោគជ័យ។
តែមានការខ្សឹបខ្សៀវថា ការយកមន្ត្រីពីកន្លែងផ្សេង មកដាក់ឱ្យត្រួតត្រាលើមន្ត្រីនៅទីកន្លែងមួយ មិនមែនជារឿងងាយស្រួលនោះទេ។