សង្ឃឹមថា វស្សានេះ មិនជន់លិចខ្លាំង ដូចរាល់ឆ្នាំ! គម្រោង​ការពារ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ អនុវត្តបាន ​៣០​ភាគរយ​ហើយ​!

ភ្នំពេញ៖ គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ជំនន់​ ទឹកស្ទឹង​ព្រែក​ត្នោត​ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ ដែលជា​គម្រោង​របស់​ក្រសួង​ធនធានទឹក អនុវត្ត​ដោយ​ក្រុមហ៊ុន GDFC ប្រើប្រាស់​កញ្ចប់​ថវិកា​ជំនួយ​ហិរញ្ញប្បទាន បានមកពី​សាធារណរ​ដ្ឋ​ប្រជាមានិត​ចិន គិត​ត្រឹម​ថ្ងៃទី​២០កុម្ភៈ ឆ្នាំ​២០២២ អនុវត្តបាន​លទ្ធផល​ប្រមាណ​ជា​៣០​ភាគរយ​ នៃ​គម្រោង​ហើយ​នៅលើ​ការដ្ឋាន​ផ្សេងៗ​គ្នា​ ជាច្រើន​គោលដៅ បន្ទាប់ពី​បាន ចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ ។

តាមការអោយដឹង ពីមន្ត្រីជំនាញបច្ចេកទេស ក្រសួងធនធានទឹក បញ្ជាក់ ថា៖​ គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ ស្ទឹង​ព្រែក​ត្នោត មាន​គោលបំណង​សំខាន់​ ក្នុង​ការទាញយក​ទឹកស្ទឹង​ព្រែក​ត្នោត​ សម្រាប់​ស្រោចស្រព​ដីស្រែប្រាំង​ ចំ​នួន​១០.១៥០​ហិកតា និង​ស្រូវវស្សា​១៧.៧៣០​ហិកតា​។

ជាពិសេស​ជាងនេះទៀត គឺ​ការពារ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ ដែល​តែងតែ​គំរាមកំហែង​ដល់​ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ជា​រៀងរាល់ឆ្នាំ​នៅក្នុង​រដូវវស្សា​។​

គួរបញ្ជាក់ថា៖ តាមពិត​គម្រោង​នេះ​ត្រូវអនុវត្ត​តាំងពីដើម​ឆ្នាំ​២០២១ តែដោយសារ​វិប្បត្តិ​កូ​វីដ ១៩ ទើប​ធ្វើឱ្យមាន​ការពន្យា​ពេល​រហូតមក ដល់​ចុងឆ្នាំ​ទើបបាន​ចាប់ផ្តើម​អនុវត្ត​៕

ប្រភព ៖ ព័ត៌មានខេត្តកណ្តាល

អត្ថបទដែលជាប់ទាក់ទង
Open

Close