ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជារបស់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាន!
ខេត្តឧត្តរមានជ័យ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង យោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ៦ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានថ្លែងថា ៖ សូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាន។ ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់ អំពីសភាពការណ៍ថ្មីៗ ដើម្បី លើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ ជំនាញ។ ទន្ទឹម នឹងនេះ ក៏សូមបន្តសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្ត តួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹង ខឿន ការពារ ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព។ លើសពីនេះ សូមបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានរហ័សបំផុត ឱ្យស័ក្តិសមជាកូនចៅ ពិតប្រាកដ របស់ប្រជាជន ដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ក៏ដូចជាប្រជាជនក្នុងខេត្តឧត្តរមានជ័យ និងនៅទូទាំងប្រទេសចំពោះការបាត់បង់សាច់ញាតិ មិត្តភក្តិ ដោយសារជំងឺរាតត្បាតដ៏កាច សាហាវ កូវីដ-១៩ និងសូមបួងសួងឱ្យវិញាណក្ខន្ធរបស់ពួកគាត់បានទៅដល់សុគតិភព។ សូមបញ្ជាក់ផងដែរថា បើគ្មានការសម្រចចិត្តត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខនោះទេ គឺសោដនាដកម្មអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ ហើយចុងក្រោយ សម្តេចតេជោ ក៏អាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ គឺដូចដែលអ្វីដែល សម្តេច ធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ដ៏រង្គាលនៃរបបប៉ុលពត។ ទាំងនេះ គឺជាវីរភាពរបស់ សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទោះក្នុងកាលៈទេសៈស្មុគ្រស្មាញយ៉ាងណា ក៏ សម្តេច អាចគ្រប់គ្រងស្ថានការណ៍ ក្នុងការដឹកនាំបញ្ជា ដោយអាចធ្វើការសម្រេចចិត្តអារកាត់ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនិងនេះ សូមបន្តការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការ “៣កុំ ៣ការពារ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួ្មមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់គ្នា ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ ដែលកើតមាន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកងពលតូចអន្តរាគមន៍លេខ៦ ក៏ដូចជាកងពលធំអន្តរាគមន៍លេខ២ និងបណ្តាស្ថាប័ន- កងឯកភាពចំណុះផ្សេងទៀត ដែលកន្លងមក បានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេច បានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយ ធានាបាននូវការពង្រឹង ប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និង ការបំពេញកិច្ចសហការជាមួយអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ បាន ល្អ ប្រសើរ ជូន ប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងយថាហេតុផ្សេងៗ ជាពិសេសសកម្មភាពចូលរួមចំណែកនានានៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការរីកចម្រើនជាលំដាប់របស់កងពលតូចអន្តរាគមន៍លេខ៦ ដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងសមិទ្ធផលជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវ បានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។ ជាក់ស្តែងក្នុងថ្ងៃនេះ មានការសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ និង សមិទ្ធផល នានា សរុប ៣៦ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំចំពោះ សុខ ទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជា ការដោះស្រាយរាល់ការលំបាកផ្សេងៗ តាមគ្រប់បណ្តាស្ថាប័ន-កង ឯកភាពជួរមុខទូទាំងប្រទេស។