សិស្សនិន្ទេសA ១៣នាក់ នៅស្រុកព្រៃកប្បាស ទទួលបានការលើកទឹកចិត្ត ម៉ូតូថ្មី ម្នាក់១គ្រឿង ពី អភិបាលខណ្ឌពោធិ៍សែនជ័យ !

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រគល់ម៉ូតូ ចំនួន១៣គ្រឿង ជារង្វាន់លើកទឹកចិត្តជូនដល់ សិស្សឆ្នើមចំនួន ១៣ នាក់ ដែលបានប្រឡងជាប់និន្ទេសA ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នៅឯស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាទីកន្លែងកំណើត របស់លោក។

ពិធីនេះ ធ្វើធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតនៅវិទ្យាល័យភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជារដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស លោក ឈាវ ហ៊រ អនុប្រធានក្រុមប្រឹក្សា លោកប្រធានការិយាល័យអប់រំ និងកីឡាស្រុកព្រៃកប្បាស និងមានការអញ្ជើញចូលរួមពីលោកលោកស្រី ជាមន្ត្រីរាជការសាលាខណ្ឌពោធិ៍សែនជ័យ និងស្រុកព្រៃកប្បាស នាយកសាលាលោកគ្រូអ្នកគ្រូព្រមទាំងកូនសិស្សជាច្រើននាក់ទៀតផងដែរ។

ប្រធានការិយាល័យអប់រំស្រុកព្រៃកប្បាស បានថ្លែងអំណរគុណជាអនេកចំពោះលោក ហែម ដារិទ្ធិ អភិបាលពោធិ៍សែនជ័យ តែងយកចិត្តទុកដាក់ជួយគាំទ្រជួយជ្រោមជ្រែង ទំនុកបម្រុងជាបន្តបន្ទាប់ ជាថវិការ សម្ភារៈ ក្នុងវិស័យអប់រំនិងស្មារតីជារៀងរាល់ឆ្នាំ ពិសេសសិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និន្ទេស A កន្លងមក គឺតែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូម្នាក់១គ្រឿងគ្រប់ៗគ្នា គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្តម្ភម៉ូតូ បាន ៤លើក ហើយ ដោយមានចំនួនសរុប ២១គ្រឿង។

ក្នុងឱកាសប្រគល់រង្វាន់ម៉ូតូ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយ គណៈអភិបាលខណ្ឌ ចែករំលែកធនធានផ្ទាល់ខ្លួនទិញម៉ូតូ ធ្វើជារង្វាន់លើកទឹកចិត្ត ជូនប្អូនៗសិស្សានុសិស្ស ប្រឡងបាននិន្ទេស A ដែលប្រពៃណីនេះ លោកក៏ធ្លាប់បានធ្វើជាច្រើនឆ្នាំមកហើយដែរ និងក៏ធ្លាប់បានសន្យាថា ដរាបណាលោកនៅតែជាអភិបាលខណ្ឌពោធិ៍សែនជ័យ លោកនឹងនៅតែបន្តផ្តល់រង្វាន់ម៉ូតូ ដល់ប្អូនៗ ដែលជាប់និន្ទេស A ជារៀងរាល់ឆ្នាំ ទោះចំនួនប៉ុន្មាននាក់ក៏ដោយ។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ទាំងអស់ ទាំងវិទ្យាល័យទូទាំងស្រុកព្រៃកប្បាស សូមខិតខំរៀនសូត្រឱ្យបានពូកែ និងប្រឡងចាប់បាននិន្ទេសល្អៗ គ្រប់ៗគ្នា បើទោះបីថា លោកត្រូវអស់អាណត្តិ និងផ្លាស់ចេញពីមូលដ្ឋានក៏ដោយ តែក៏សង្ឃឹមថា នឹងមានរង្វាន់លើកទឹកចិត្តដល់ប្អូនៗជាបន្តទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវចេះគោរពស្រឡាញ់ ឪពុកម្តាយ បងប្អូន លោកគ្រូអ្នកគ្រូ និងអ្នកមានគុណចំពោះទឹកដី ជាតិមាតុភូមិ ដើម្បីជាអំពើល្អ ជាកុសល និងធ្វើខ្លួនឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដែលមានប្រយោជន៍ដល់សង្គមជាតិ។

កិច្ចបញ្ចប់ លោក ហែម ដារិទ្ធិ អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំង បង្ការ ជម្ងឺកូវីដ-១៩ អោយបានគ្រប់ ដូស គ្រប់ៗគ្នា ដោយឡែក អ្នកដែល ទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ រួចហើយក៏ដោយ តែសូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង ៣ការពារ» ជាប្រចាំជានិច្ច ព្រោះកូវីដ-១៩ ពិសេស កូវីដ បំប្លែងថ្មី មិនងាយភ្លេចយើងទេ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close