ជាងដែក មែន តែបង្ហោះម៉ូតូ ម៉ាអែមម ! ថ្ងៃនេះ បានផ្តិតមេដៃ ទាំងពីរនាក់!

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ចូលក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ ជំរាបសួរលោកពូ ក្មួយជាប្រជាពលរដ្ឋរស់នៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល នៅភូមិក្មួយ តែងតែមានក្មេងទំនើងមួយក្រុមបង្ហោះម៉ូតូតាមផ្លូវ រាល់ថ្ងៃ សូមលោកពូ ជួយដោះស្រាយឱ្យក្មួយផង សូមអរគុណ លោកពូ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកស្អាង ស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល នៅថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកអធិការ និងក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ចុះស្រាវជ្រាវទទួលបានលទ្ធដូចខាងក្រោម៖

១-ឈ្មោះ ហ៊ាង សុធា (ហៅវីន) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក។
២-ឈ្មោះ ស៊ន លីមហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក អ្នកទាំងពីរមានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

បន្ទាប់មកបានហៅអ្នកទាំងពីរនាក់ខាងលើ មកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល អ្នកទាំងពីរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ លើផ្លូវបេតុង ភូមិព្រែកថ្មី ពិតប្រាកដមែន។

ចំណាត់ការ របស់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាអ្នកទាំងពីរបញ្ឈប់សកម្មភាពបង្ហោះម៉ូតូ និងសកម្មភាពផ្សេងៗ ដែលច្បាប់ហាមឃាត់ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close