ស្នងការខេត្តកណ្តាល ៖ បង្កើនយកចិត្តទុកដាក់តាមដានពិនិត្យសុខភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ប្រភេទថ្មី (Delta . Alfa . Omicron)

ខេត្តកណ្តាល ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ២០២២ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាក់ថា ក្នុងពេលថ្មីៗ កន្លងទៅនេះ សង្កេតឃើញថា ចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ ប្រភេទថ្មី ហាក់មានសន្ទុះកើន ឡើង គួរឲ្យព្រួយបារម្ភ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសហគមន៍ ធានាបាននូវសុវត្ថិភាពនៅកន្លែងធ្វើការ ក៏ដូច ជាក្នុងក្រុមគ្រួសារ។

ស្នងការនគរបាលខេត្តកណ្តាល សូមធ្វើការណែនាំដល់លោក/លោកស្រីស្នងការរង លោកនាយការិយាល័យទាំង៣១ លោកអធិការនគរបាល គ្រប់ស្រុក/ក្រុង លោកមេបញ្ជាការវរៈ៦០៥ លោកប្រធាននគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងមន្ត្រីក្រោមឱវាទទាំងអស់

ដូចខាងក្រោម៖

១.  ត្រូវយកចិត្តទុកដាក់តាមដានសុខភាព រក្សាអនាម័យនិងអនុវត្ត៣កុំ ៣ការពារ តាមវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ក្នុងករណីមានអាការៈសង្ស័យ ត្រូវធ្វើតេស្តរហ័ស(Rapid test) ដោយខ្លួនឯងជាបន្ទាន់។ បើលទ្ធផល

បង្ហាញថាវិជ្ជមាន ត្រូវរាយការណ៍មកប្រធានអង្គភាព និងត្រូវសម្រាកព្យាបាលខ្លួននៅផ្ទះ។ បន្ទាន់មក ត្រូវធ្វើតេស្តម៉ាស៊ីនធំ(PCR) ដើម្បីឲ្យប្រាកដថា បានឆ្លងកូវីដប្រភេទណាមួយ(Delta, Alfa ឬOmicron)។ ពិសេស ត្រូវធ្វើតេស្តសមាជិកគ្រួសារ និងអ្នកពាក់ព័ន្ធផងដែរ។

២. ក្នុងអំឡុងពេលព្យាបាលនៅផ្ទះដោយខ្លួនឯង ត្រូវរក្សាអនាម័យ(ពាក់ម៉ាស ប្រើជែល ឬអាល់កុល) រក្សាគម្លាត ពីសមាជិកគ្រួសារដែលអវិជ្ជមានកូវីដ ដើម្បីធានាថាគ្មានការឆ្លងរាលដាលបន្ត។

៣.ហាមដាច់ខាតការជួបជុំផឹកស៊ីជាក្រុមៗ ដែលមានហានិភ័យខ្ពស់នៃការចម្លង។

៤. បើមានកិច្ចប្រជុំចាំបាច់ ត្រូវរៀបចំនៅកន្លែងទីវាលចំហ មានខ្យល់ចេញចូលគ្រប់គ្រាន់ និងរក្សាបាននូវគម្លាតតាមវិធានសុខាភិបាល។

៥. លោក/លោកស្នងការរងទទួលផែន លោកនាយការិយាល័យទាំង៣១ លោកអធិការគ្រប់ស្រុក/ក្រុង លោក មេបញ្ជាការវរៈ៦០៥ និងលោកប្រធាននគរបាលច្រកទ្វារអន្តរជាតិ បន្តយកចិត្តទុកដាក់ និងដឹកនាំការងារឲ្យបានល្អ ប្រកប ដោយប្រសិទ្ធភាពខ្ពស់ ម្ចាស់ការរៀងៗខ្លួន ពិសេស ចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ទាំងអស់គ្នា។

ទទួលបានសេចក្ដីណែនាំនេះ សូមអស់លោក/លោកស្រី ចាត់ចែងអនុវត្តដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close