ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ កុម្ភៈ ២០២២នេះ មន្ត្រីជំនាញខេត្តព្រះសីហនុ បញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញ ទៅត្រពាំងរពៅក្នុងខេត្តព្រះសីហនុ ដែលរងការខូចខាត បច្ចុប្បន្ននេះ មន្ត្រីជំនាញក្រសួងសាធារណៈការនិងដឹកជញ្ជូន អះអាងថានឹងមានការស្ថាបនាថ្មី ដោយប្រើបច្ចេកទេសបុកគ្រឹះជម្រៅ ជ្រៅដូចជាគ្រឹះស្ពាន តាមស្ថានភាពដីផ្នែកខាងក្រោម ក្រោយសិក្សាឃើញថា ស្រទាប់ដីផ្នែកខាងក្រោមកំណាត់ផ្លូវនោះ ពិសេសចន្លោះពីវាលរេញទៅស្ពានកំពង់ស្មាច់ជាប្រភេទដី ភក់ មមោកសមុទ្រ(ទន់ជ្រាយ) បើមិនធ្វើគ្រឹះ ខាងក្រោមឲ្យជ្រៅទេ ការស្ថាបនាផ្លូវនេះមិនជាប់ឡើយ។ ក្រៅពីចំណុចនេះ នៅតាមគន្លងផ្លូវ ពីស្ពានកំពង់ស្មាច់ក្នុងឃុំសាមគ្គី ទៅដល់ស្ពានត្រពាំងរពៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ក៍នឹងមានរៀបចំគ្រឹះពីក្រោម ទៅតាមស្ថានភាពដី ដើម្បីធានាថា ការស្ថាបនាផ្លូវថ្មីនេះនឹងមិនងាយរងការខូចខាតទៀតឡើយ។
មន្ត្រីជំនាញដដែលថ្លែងថា ការធ្វើផ្លូវត្រង់ចំណុចនេះនឹងចំណាយថវិកាច្រើន ដោយសារតែចាំបាច់ត្រូវបុកគ្រឹះ ដែលតាមការសិក្សារបស់ក្រុមហ៊ុនជំនាញផ្លូវថ្នល់ពីប្រទេសចិនឲ្យដឹងថា លើកំណាត់ផ្លូវពី វាលរេញ ទៅត្រពាំងរពៅប្រវែងប្រហែល២០គីឡូម៉ែត្រនេះ គេរកឃើញថា មានស្រទាប់ដីខាងក្រោមទន់ជ្រាយ ប្រភេទដី ភក់ មមោកសមុទ្រប្រវែងយ៉ាងតិច០៥គីឡូម៉ែត្រ។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញ ទៅស្ពានត្រពាំងរពៅក្នុងខេត្តព្រះសីហនុ កន្លងមកមានការជួសជុលជាបន្តបន្ទាប់ ប៉ុន្តែមិនជាប់ល្អ ដែលមន្ត្រីជំនាញអះអាងថា ដោយសារតែបញ្ហាស្រទាប់ដីខាងក្រោមទន់ជ្រាយ ។
ចំពោះការជួសជុលស្ថាបនាថ្មីឡើងវិញ មន្ត្រីសាធារណៈការ ប្រាប់ថា អាចនឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ខាងមុខ៕