ខេត្តតាកែវ ៖ ល្បែងស៊ីសងភ្នាល់ ជល់មាន់ តាមទូរទស្សន៍អនឡាញ កំពុងពេញនិយមរីកដុះដាលតាមតាមបណ្ដាភូមិ ឃុំ ស្រុក ក្នុងទឹកដីខេត្តតាកែវ យ៉ាងគគ្រឹកគគ្រេងជាច្រើនកន្លែង សង្ស័យអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋានមើលមិនឃើញ។
ទីតាំង ល្បែងស៊ីសង ជល់មាន់ អនឡាញ តាម ទូរទស្សន៍ រួមមាន៖
១.ក្នុងភូមិថ្នល់បំបែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។
២. ក្នងភូមិដើមពោធិ៍ ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្ដតាកែវ។
៣. ក្នុងភូមិអង្គក្រូច ឃុំអង្គក្រូច ស្រុកបុរីជល់សា ខេត្ដតាកែវ។
៤. ក្នុងភូមិរូង ឃុំខ្លាប្រជុំ ស្រុកបុរីជល់សា ខេត្ដតាកែវ ទីតាំងល្បែងស៊ីសងទាំងអស់នេះកំពុងតែមានការប្រមូលផ្តុំគ្នាលេងជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចមិនទាន់ធ្វើការបង្ក្រាបនោះឡើយ។
ពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងទាំងអស់នេះ មិនដែលឃើញ មានអាជ្ញាធរ ឬមន្ដ្រីជំនាញ ណាចុះធ្វើកាបង្ក្រាបឡើយ អាជ្ញាធរ ដែលជាម្ចាស់ទឹកដី ហាក់បីដូចជាខ្លាចអំណាច របស់ម្ចាស់ទីតាំងទាំងអស់ហើយមើលទៅ បានជាមិនហ៊ានបង្ក្រាបក្រុមអ្នកញៀនល្បែងទាំងអស់នោះ សង្ស័យ មានការបើកភ្លើង ខៀវ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងមកលេងយ៉ាងគគ្រឹកគគ្រេង គ្មានការញញ្ញើត និងអាជ្ញាធ និង សមត្ថកិច្ច សោះ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសង គ្រប់ប្រភេទ ជាដើមចមនៃ អំពើចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ហេតុអ្វី សមត្ថកិច្ច និងអាជ្ញាធរ មិនបង្ក្រាប? តើគោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព នៅឯណា?
គួររំលឹកផងដែរថា កាលពីកន្លងទៅ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ ធ្លាប់បានផ្តាំផ្ញើ និងក្រើនរំលឹកដល់លោកអធិការ ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ ចំណុះអធិការដ្ឋាននគរបាលស្រុក ត្រូវពង្រឹងនូវវិន័យរបស់កងកម្លាំង ជ្រោងទង់សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពខាងក្រៅ ពង្រឹងទំនាក់ទំនង និងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។
លោកស្នងការ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិការសាធារណៈ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានានៅក្នុងសហគមន៍ និងត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំអោយ មន្ត្រី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេស គឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជដ្ឋាភិបាល ទាំង៧ចំនុច អោយ មាន ប្រសិទ្ធភាពខ្ពស់។
សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា ៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេង លេង និង ទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។
ទន្ទឹមនិងការដាក់បទបញ្ជាយ៉ាងតឹងរឹងពីសំណាក់ថ្នាក់នាំខាងលើ ជូនថ្នាក់ក្រោម យកមកអនុវត្តន៍ មហាជន លើកឡើងថា ទីតាំងល្បែងជល់មាន់ អនឡាញ តាមទូរទស្សន៍ បាននិងកំពុងរីកដុះដាលយ៉ាងពេញបន្ទុក នៅតាមទីតាំង តារាងបាល់ និង តូបកាហ្វេ តាមបណ្តាស្រុកនានា ក្នុងខេត្តតាកែវ បើកដំណើរការយ៉ាងរលូន គ្មានខ្លាចញញឺត សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន បែបនេះ?
ពលរដ្ឋសង្ឃឹមថា ឯកឧត្តម អូច ភា អភិបាលខេត្តតាកែវ និង លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ មេត្តាដាក់កម្លាំងជំនាញចុះពិនិត្យ និងបង្ក្រាប ទីតាំងល្បែងភ្នាល់ តាមអនឡាញ ជំនួស លោកអភិបាល និង អធិការស្រុកទាំងអស់ ក្នុងខេត្ត ផង។
អង្គភាពសាព័ត៌មានយើងខ្ញុំ ស្វាគមន៍ រាល់ការបកស្រាយបំភ្លឺ ពីសាម៉ី ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់ មន្ទិលសង្ស័យ។