សួរ អភិបាលរងខណ្ឌថា ចុះចាប់ មានមើល Logo BTS អត់? មេ លោកឯងធំប៉ុនណា ចង់ផ្អើលពេញខណ្ឌមែន ? ស្មានថាខ្លាំងមែនទែន ចុងក្រោយ លើកដៃសុំទោស សោះ!
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៥ កុម្ភៈ ២០២២ លោក ប៉ាង លីដា អភិបាលរងខណ្ឌខណ្ឌ និង លោក ម៉ែន សំអាង អនុប្រធានការិយាល័យ សាធារណៈការខណ្ឌ បានដឹកនាំ កម្លាំងសន្តិសុខខណ្ឌ បានចុះអនុវត្តសេចក្ដីជូនដំណឹងលេខ:២៨០/២១ សជណ ចុះថ្ងៃទី១៤/០៩/២០២១ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវចោមចៅ (អតីតផ្លូវវេងស្រេង) ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះ ឃាត់រថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ 3D-6892 ដែលឈប់ចតលើផ្លូវ ចោមចៅ (ផ្លូវវេងស្រេង)
ហើយម្ចាស់រថយន្ត បាននិយាយថា មុនចុះចាប់មានមើលស្លាកស្លាកឡូហ្គោ (BTS) អត់? មេលោកឯង ធំប៉ុនណា ចង់ផ្អើលពេញខណ្ឌមែន ?
ស្រាប់តែនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក មាស ប្រាក់ ភេទ ប្រុស អាយុ៣៦ ឆ្នាំ និង ឈ្មោះ មាស ពេជ្រ ភេទ ប្រុស អាយុ ៣៧ឆ្នាំ និងឈ្មោះ យ៉ុម សុងឡាយ ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៩៤ ផ្លូវ ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្តដឹកទំនិញ ខាងលើ បានធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរខណ្ឌ ដូចខាងក្រោម៖
១. យើងខ្ញុំ សូមគោរពអភ័យទោស និងអធ្យាស្រ័យចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ ចំពោះកំហុសឆ្គងដែលបានប្រព្រឹត្តដូចខាងក្រោម។
២. យើងខ្ញុំ ពិតជាបានចតរថយន្តនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ តាមបណ្ដោយផ្លូវចោមចៅ (អតីតផ្លូវវេងស្រេង) ពិតប្រាកដមែន ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ព្រមទាំងប៉ះពាល់ដល់ សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣. យើងខ្ញុំ សូមអភ័យទោសចំពោះការប្រើប្រាស់ពាក្យសំដីមិនសមរម្យ ជេរប្រមាថមើលងាយមក លើរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប្រជាការពារខណ្ឌ ដែលបណ្តាលឱ្យប៉ះពាល់យ៉ាង ខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៤. យើងខ្ញុំ បានទទួលដឹងឮ និងឯកភាពអនុវត្តតាមសេចក្តីជូនដំណឹងលេខៈ២៨០/២១. ស.ជ.ណ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមបណ្ដោយផ្លូវចោមចៅ ស្ថិតនៅសង្កាត់ចោមចៅទី១ សង្កាត់ ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥. យើងខ្ញុំ សូមសន្យាថា នឹងបញ្ឈប់រាល់ការចតរថយន្តនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ តាមបណ្តោយផ្លូវចោមចៅ (អតីតផ្លូវវេងស្រេង) ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
៦. យើងខ្ញុំ សូមសន្យាថានឹងមិនយកឈ្មោះរបស់ថ្នាក់ដឹកនាំដើម្បីយកមកគម្រាបកំហែងមកលើ ក្រុមការងាររដ្ឋបាលខណ្ឌ និងអាជ្ញាធរបន្តទៀតនោះទេ។
៧. ករណីយើងខ្ញុំ នៅតែបន្តការចតរថយន្តនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀតនោះ យើងខ្ញុំ សុំឱ្យរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការផាកពិន័យទ្វេដង (គុណនឹង២) និងរក្សាទុក រថយន្តរបស់យើងខ្ញុំ ជាបណ្ដោះអាសន្នសិន និងរៀបចំឯកសារបញ្ជូនទៅតុលាការ។
៨. ករណី យើងខ្ញុំមិនអនុវត្តតាមខ្លឹមសារកិច្ចសន្យាខាងលើនេះទេ ខ្ញុំបាទសូមទទួលខុសត្រូវរាល់ ការផាកពិន័យផ្សេងៗ និងចំពោះមុខច្បាប់ជាធរមាន។
ក្រែងពុំពិតប្រាកដ យើងខ្ញុំសូមធ្វើការផ្តិតស្នាមមេដៃស្ដាំ ទុកជាភស្តុតាងស្រាប់។