រដ្ឋមន្ត្រីការពារជាតិជប៉ុនចាត់ទុក ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យ និងដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកាតាលីករដល់ទំនាក់ទំនងកម្ពុជា-ជប៉ុន
(តូក្យូ)៖ នៅទីស្តីការក្រសួងការពារជាតិជប៉ុន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចរយៈពេល ០៤ ថ្ងៃនៅប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបន្តចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន ដោយកិច្ចពិភាក្សានេះផ្តោតជាសំខាន់លើគោលបំណងរួមកម្ពុជា-ជប៉ុន ក្នុងការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកយោធា។
ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម KISHI Nobuo អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយ ឯកឧត្តម អគ្គមេបញ្ជាការកងកម្លាំងស្វ័យការពារជប៉ុន និង ឯកឧត្តម មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងបានស្នើសុំការគាំទ្រលើការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏ដូចជាការជំរុញឱ្យទំនាក់ទំនងនេះបានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រលើសំណើផ្តួចផ្តើមនានារបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួនដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់។
ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិជប៉ុន និង ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានចូលរួមសម្តែងការអបអរសាទរចំពោះខួបលើកទី៣០ នៃការបញ្ជូនកងកម្លាំងស្វ័យការពារជើងគោកជប៉ុនជាលើកដំបូងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ UNTAC នៅកម្ពុជា និងស្របពេលដែលឆ្នាំ២០២២នេះ កម្ពុជាក៏កំពុងបំពេញតួនាទីជាប្រធានអាស៊ានផងដែរ។ ក្នុងស្មារតីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះ នឹងជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀតយ៉ាងពិតប្រាកដ។