អាជ្ញាធរស្រុកទ្រាំង មើលអត់ឃើញ ទីតាំងល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍ កំពុងរីកដុះដាល ពេញបន្ទុក?

ខេត្តតាកែវ៖ ល្បែងស៊ីសង ជល់មាន់អនឡាញ តាមទូរទស្សន៍ ជាច្រើនកន្លែង បាននឹងកំពុងពង្រីក វិសាលភាព របស់ខ្លួន មានស្ទើរគ្រប់តារាងបាល់ នឹងតូបកាហ្វេ ក្នុងស្រុកទ្រាំង ខេត្តតាកែវ ជាពិសេស នៅក្នុងឃុំស្មោង មានរហូតដល់ទៅ៣កន្លែង បើកលេងយ៉ាងរលូន ដោយគ្មានរំខានដល់កម្លាំងសមត្ថកិច្ច ឃុំ ស្រុក ឬអាជ្ញាធរ ពាក់ពន្ធ័ឡើយ។

ប្រភពពី អ្នកលេងញៀនល្បែង បានលួចខ្សឹបប្រាប់ដឹងថា ក្នុងមួយថ្ងៃៗ មានអ្នកចាញ់ប្រាក់អស់រាប់លានរៀល ហើយមានអ្នកខ្លះ ចាញ់ច្រើន រហូតដល់ប្រពន្ធ តាមមកឈ្លោះ ដល់កន្លែងលេង ហើយឈានទៅដល់ការបែកបាក់លែងលះគ្នានៅ សាលាឃុំ ក៍មាន ដោយសារតែ ល្បែងស៊ីសង តាមអនឡាញ រីកដុះដាល ដូចផ្សិតបែបនេះ។

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសង គ្រប់ប្រភេទ ជាដើមចមនៃ អំពើចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ហេតុអ្វី សមត្ថកិច្ច និងអាជ្ញាធរ មិនបង្ក្រាប? តើគោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព នៅឯណា?

គួររំលឹកផងដែរថា កាលពីកន្លងទៅ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ ធ្លាប់បានផ្តាំផ្ញើ និងក្រើនរំលឹកដល់លោកអធិការ ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ ចំណុះអធិការដ្ឋាននគរបាលស្រុក ត្រូវពង្រឹងនូវវិន័យរបស់កងកម្លាំង ជ្រោងទង់សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពខាងក្រៅ ពង្រឹងទំនាក់ទំនង និងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។

លោកស្នងការ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិការសាធារណៈ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានានៅក្នុងសហគមន៍ និងត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំអោយ មន្ត្រី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេស គឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជដ្ឋាភិបាល ទាំង៧ចំនុច អោយ មាន ប្រសិទ្ធភាពខ្ពស់។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា ៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេង លេង និង ទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ទន្ទឹមនិងការដាក់បទបញ្ជាយ៉ាងតឹងរឹងពីសំណាក់ថ្នាក់នាំខាងលើ ជូនថ្នាក់ក្រោម យកមកអនុវត្តន៍ មហាជន លើកឡើងថា ទីតាំងល្បែងជល់មាន់ អនឡាញ តាមទូរទស្សន៍ បាននិងកំពុងរីកដុះដាលយ៉ាងពេញបន្ទុក នៅតាមទីតាំង តារាងបាល់ និង តូបកាហ្វេ ក្នុងស្រុកទ្រាំង ខេត្តតាកែវ បើកដំណើរការយ៉ាងរលូន គ្មានខ្លាចញញឺត សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន បែបនេះ?

ពលរដ្ឋសង្ឃឹមថា ឯកឧត្តម អូច ភា អភិបាលខេត្តតាកែវ និង លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ មេត្តាដាក់កម្លាំងជំនាញចុះពិនិត្យ និងបង្ក្រាប ទីតាំងល្បែងភ្នាល់ តាមអនឡាញ ជំនួស លោកអភិបាល និង អធិការស្រុកទ្រាំងផង។

អង្គភាពសាព័ត៌មានយើងខ្ញុំ ស្វាគមន៍ រាល់ការបកស្រាយបំភ្លឺ ពីសាម៉ី ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់ មន្ទិលសង្ស័យ។

ដោយ៖ បងខន

 

អត្ថបទដែលជាប់ទាក់ទង
Open

Close