ឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ

តូក្យូ៖ នៅទីស្តីការក្រសួងការបរទេសនៃប្រទេសជប៉ុន នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ ឯកឧត្តម HAYASHI Yoshimasa បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក មកកាន់ទីក្រុងតូក្យូនាពេលនេះ ដែលជាការបង្ហាញឱ្យឃើញអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសម្តែងភាពរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ទាំងក្នុងដំណើរការស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៨០ បេសកកម្មថែរក្សាសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៩០ និងការណ៍ដែលជប៉ុនជាប្រទេស ១ ក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការស្តារកសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។ 

ឯកឧត្តមទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រត្តិការទ្វេភាគីកន្លងមក ជាពិសេសវិស័យយោធា ដែលមានការរីកចម្រើនជាលំដាប់ចាប់តាំងពីឆ្នាំ២០១៣មក ហើយនៅឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានប្រារព្ធខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយនឹងមានការរៀបចំកម្មវិធីជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម HAYASHI Yoshimasa បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជាក្នុងគ្រប់កាលៈទេសៈ ស័ក្តិសមជាដៃគូយុទ្ធសាស្ត្រ។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយនេះស្របតាមគោលការណ៍ប្រជាធិបតេយ្យ។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី អំពីជំហរ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមប្រធានអាស៊ានលើការដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ គឺធ្វើយ៉ាងណាបញ្ចៀសអំពើហិង្សា រៀបចំការផ្តល់ជំនួយមនុស្សធម៌ និងការបើកច្រកសម្រាប់ការបំពេញភារកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ស្របតាមធម្មនុញ្ញាអាស៊ាន និងចំណុចឯកច្ឆ័ន្ធទាំង៥ របស់អាស៊ាន ក៏ដូចជាធ្វើយ៉ាងណាឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈភាព និងពង្រឹងសាមគ្គីភាព។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមអំពីគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងការបង្កើតយន្តការ Troika (កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូនេស៊ី) ដើម្បីតាមដានបទឈប់បាញ់ និងវឌ្ឍនភាពនៃការអនុវត្តចំណុចឯកច្ឆ័ន្ទទាំង៥ របស់អាស៊ាន។ ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការកែច្នៃសភាពការណ៍ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ដែលនេះគឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់ សម្តេច នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

អត្ថបទដែលជាប់ទាក់ទង
Open

Close