រថយន្តដឹកប្រេង លីម ឡុង បុកគ្នាជាមួយ រថយន្តដឹក ស៊ីម៉ង់ត៍ Naga ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់! 

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានអោយដឹងថា មានករណី រថយន្តធំ ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ ទៀតរបួសធ្ងន់ នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៣៦-១៣៧ ភូមិបឹងត្រាច ឃុំចំការ ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នា រវាងរថយន្តដឹកប្រេង លឹម ឡុង ម៉ាកINTERNATIONAL ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-8353 បើកទិសដៅពី ភ្នំពេញ-ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ មិន សុភា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ ក្នុងរថយន្តនោះ មានអ្នករួមដំណើរម្នាក់ ឈ្មោះ ចាន់ សៀងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកលំពង់សីលា ខេត្តព្រះសីហនុ បុកប៉ះជាមួយរថយន្ត ១គ្រឿងទៀត បើកបរទិសដៅផ្ទុយគ្នា ជារថយន្តដឹកទំនិញ រថយន្តម៉ាក FUSO សណ្តោងរ៉ឺម៉ក ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3F-9367 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ។

ហេតុការណ៍នេះ បណ្តាលឲ្យ អ្នកបើកបររថយន្ត INTERNATIONAL ឈ្មោះ មិន សុភា ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជា ព្រូឡាន ឈ្មោះចាន់ សៀងហេងរងរបួសធ្ងន់។ ក្រោយកើតហេតុអ្នកបើបររថយន្ត FUSO បានរត់គេចខ្លួន ។

ករណីនេះ សមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ បានចុះអន្តរាគមន៍សម្រួលចរាចរណ៍ នាំអ្នករបួសទៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close