លោក ហែម ដារិទ្ធិ សង្កត់ធ្ងន់ថា៖ កុំអោយ ថ្ងៃ១៤កុម្ភៈ ក្លាយទៅជា សហគមន៍ នៃការឆ្លងជម្ងឺ កូវីដ ១៩ អោយសោះ!

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ សង្កត់ធ្ងន់ថា ៖ កុំអោយ ថ្ងៃ១៤កុម្ភៈ ក្លាយទៅជា សហគមន៍ នៃការឆ្លងជម្ងឺ កូវីដ ១៩ អោយសោះ សូមកុំឱ្យយក ថ្ងៃ១៤កុម្ភៈនេះ ជាថ្ងៃអូសទាញប្អូនឱ្យធ្លាក់ក្នុងអន្លង់ អពមង្គល ព្រោះនោះមិនមែនជាប្រពៃណីរបស់ខ្មែរយើងទេ សូមបង្វែរ ទិវា ១៤កុម្ភៈនេះ ទៅជាទិវានៃក្តីស្រឡាញ់ ឪពុកម្តាយ បងប្អូន លោកគ្រូអ្នកគ្រូ និងអ្នកមានគុណចំពោះទឹកដី ជាតិមាតុភូមិ ដើម្បីជាអំពើល្អ ជាកុសល និងធ្វើខ្លួនឱ្យទៅជា កូនល្អ សិស្សល្អ មិត្តល្អ និង ជាពលរដ្ឋល្អ ដែលមានប្រយោជន៍ដល់សង្គមជាតិយើង។

លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងបែបនេះ ក្នុងពិធី ប្រគល់ម៉ូតូ ចំនួន ១០គ្រឿង ជារង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្ស ចំនួន ១០នាក់ ដែលក្នុងនោះ ៩នាក់ ជាសិស្សរៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន និង ១នាក់ ជាសិស្សរៀននៅ វិទ្យាល័យ អរុណវត្តី ក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ ដែលបានប្រឡងជាប់ និទ្ទេស A ក្នុងសម័យប្រឡង មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០ -២០២១ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

ឆ្លៀតក្នុងឳកាសនោះ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណជាពន្លឹក ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយ គណៈអភិបាលខណ្ឌ ចែករំលែកធនធានផ្ទាល់ខ្លួន ទិញម៉ូតូ ធ្វើជារង្វាន់លើកទឹកចិត្ត ជូនប្អូនៗសិស្សានុសិស្ស ប្រឡងបាន និទ្ទេសA។ លោកបន្តថា ការផ្តល់រង្វាន់លើកទឹកចិត្តនេះ លោកក៍ធ្លាប់ បានធ្វើជាច្រើនឆ្នាំមកហើយដែរ និងធ្លាប់បានសន្យាថា ខណៈលោកនៅជាអភិបាលខណ្ឌពោធិ៍សែនជ័យ លោកនឹងឧបត្តម្ភ ម៉ូតូ ដល់ប្អូនៗ ដែលជាប់និទ្ទេស A ទោះ ចំនួនប៉ុន្មាននាក់ក៍ដោយ ។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់ ប្អូនៗសិស្សានុសិស្ស ដែលកំពុងសិក្សា ថ្នាក់ទី១២ទាំងអស់ ទាំងវិទ្យាល័យ ជម្ពូវ័ន និងវិទ្យាល័យ អរុណវត្តី សូមបន្តខិតខំរៀនសូត្រ ឱ្យបានពូកែ និងប្រឡងចាប់ បាននិទ្ទេសល្អៗ គ្រប់ៗគ្នា បើទោះបីថា លោកត្រូវអស់អាណត្តិ និងផ្លាស់ចេញពីមូលដ្ឋាននេះ ក៍ដោយតែ សំរាប់ អភិបាលខណ្ឌឡើងក្រោយៗ និងមាន រង្វាន់ លើកទឹកចិត្ត ដល់ប្អូនៗ សិស្សានុសិស្ស ជាបន្តទៀតផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close