បាត់ដំបង៖ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១លើក រវាងរថយន្តច្នៃដឹកដំឡូងមី និងម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ បណ្តាលអោយជនរងគ្រោះ ប្រុស ស្រី ចំនួន៤ស្លាប់ និងរបួសធ្ងន់ស្រាល ចំនួន៧នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែគុម្ភះ ឆ្នាំ២០២២ នៅលើភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុភ្លាមៗនោះ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានចុះទៅដល់ទីតាំងកើតហេតុដើម្បី ជួយអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។
ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុហេតុ មានរថយន្តកែច្នៃ១គ្រឿង ពណ៌ខៀវខ្ចី បើកបរក្នុងទិសដៅពីជើងទៅត្បូង ដឹកដំឡូងមី អ្នកបើកបរឈ្មោះ ឡោម រឿត ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បើកឡើងចំណោទភ្នំព្រឹក ដាក់លេខមិនចូល រអិលថយក្រោយក្រឡាប់ កិនម៉ូតូឌ្រីមសង់ ១គ្រឿងសេរីឆ្នាំ២០២២ ពាក់ស្លាកលេខបាត់ដំបង1AP-2707 បើកបរដោយឈ្មោះ ញ៉ែម ធឿន ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក (ស្លាប់)និងអ្នករួមដំណើរជាមួយឈ្មោះ ហែម រ៉េត ភេទប្រុស អាយុ៦៣ឆ្នាំ ស្លាប់ និងឈ្មោះក្រៃ ភព ភេទប្រុស អាយុ៣ឆ្នាំស្លាប់ ទាំង៣នាក់នេះរស់នៅក្នុងភូមិឃុំ ជាមួយគ្នា។
រីឯអ្នករួមដំណើរជាមួយរថយន្តកែច្នៃមានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ សុត វី ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិកោះតូច ឃុំ សំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង (ស្លាប់)។
ទី២-ឈ្មោះ សុត វឿន ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ.ឃុំជាមួយគ្នា (របួសធ្ងន់)។
ទី៣-ឈ្មោះសុត មុំ ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា(របួសស្រាល)។
ទី៤-ឈ្មោះ ឡូញ រ៉ាត់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា(របួសស្រាល)។
ទី៥-ឈ្មោះ សែម សំណាង ភេទស្រី អាយុ ២៤ ឆ្នាំ របួស ស្រាល។
ទី៦-ឈ្មោះ ធឿន ពន្លក ភេទប្រុស អាយុ ១៦ ឆ្នាំ របួស ធ្ងន់។
ទី៧-ឈ្មោះ សុត សត់ ភេទ ប្រុស អាយុ ២២ ឆ្នាំ របួសធ្ងន់។
ទី៨-ឈ្មោះចក់ រង ភេទប្រុស អាយុ ២០ ឆ្នាំ របួសស្រាល។
ទី៩-ឈ្មោះ ពោ ណែត ភេទប្រុស អាយុ ១៧ ឆ្នាំ របួស់ធ្ងន់។
ទី១០-ឈ្មោះ ញាញ់ ពៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ របួសធ្ងន់។
បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ស្រុកភ្នំព្រឹកបានពិនិត្យនិងធ្វើការវាស់វែងរួច ក៍គល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នរថយន្តបង្កហេតុនិងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូររំដួល រងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល