ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ច ស្រុកចិត្របុរី បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីបានភ្លាមៗ កាលពីយប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិជួរក្រួច ឃុំថ្មអណ្តើក ស្រុកចិត្របុរី បន្ទាប់ពីជននេះ បានធ្វើសកម្មភាព វាយសម្លាប់ស្រ្តី ជាប្រពន្ឋ ដោយអង្រែបុកគ្រឿង និងបានវាយសំពង ក្មួយប្រុសបង្កើត សន្លប់ បណ្តាលអោយរងរបួសធ្ងន់ ដោយតែសារភ្លើងប្រចណ្ឌ ។
សមត្ថកិច្ច ប្រាប់អោយដឹងថា ជនដៃដល់ ជាប្តី ឈ្មោះ មល់ មិន អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។
ប្រភពប្រាប់ថា នៅថ្ងៃកើតហេតុ ជនដៃដល់ជាឪពុកមា បានបបួល បុរសរងគ្រោះជាក្មួយផឹកលើគ្រែក្បែរផ្ទះ ពេលនោះ ស្រ្តីជាប្រពន្ឋ បានមកផឹកជាមួយ ក៏កើតជាជម្លោះ ដោយសារ បុរស ដៃដល់ ជាប្តីប្រចណ្ឌស្រ្តីរងគ្រោះជាប្រពន្ឋ ជាមួយ និងក្មួយប្រុស របស់ខ្លួន ដែលកំពុងអង្គុយផឹកស៊ីជាមួយគ្នា។ បន្តិចក្រោយមកជនដៃដល់ ប្រដាប់ដោយអង្រែបុកគ្រឿង បានវាយសំពងមកលើជនរងគ្រោះជាក្មួយ ត្រូវចំក្បាលសន្លប់បាត់ស្មារតី និងបានវាយលើស្រ្តី ជាប្រពន្ឋ បណ្តាលអោយស្លាប់នៅនឹងកន្លែង។
លោកវរសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី បានបញ្ជាក់ថា នគរបាលបានចាប់ខ្លួនជនបង្កបានភ្លាមៗ និងកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី។