ខេត្តតាកែវ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ អគារសាលប្រជុំ អគារកងអនុសេនាតូចព្រំដែន និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងតាកែវ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ថា ៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែក្រើនរំលឹក និងជំរុញជាប់ជាប្រចាំឲ្យថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់កម្រិត យកចិត្តទុកដាក់គិតគូរចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អ៊ំពូមីងអតីតយុទ្ធជន ដោយសម្តេចទាំងពីរ បានធ្វើការកៀរគរសប្បុរសជន និងបង្កើតឱ្យមានយន្តការឧបត្ថម្ភ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ និងក្រុមគ្រួសារ។ កាយវិការ និងទឹកចិត្តដ៏ប្រពៃនេះរបស់លោកទាំងពីរ គឺជាការតបស្នងសងគុណរៀមច្បងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ នៅលើសមរភូមិជាច្រើន ក្នុងសម័យកាលដែលប្រទេសយើង ឆ្លងកាត់សង្គ្រាម ដើម្បីនាំមកនូវសុខសន្តិភាព ពេញលេញ បរិបូរណ៍ ដូចពេលបច្ចុប្បន្ន និងមិនដែលធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជានាពេលជាង៥០០ឆ្នាំចុងក្រោយនេះ។
សូមបន្តចូលរួមថែរក្សាសុខសន្តិភាព នេះ ឲ្យបានឋិតឋេរគង់វង្សយូរអង្វែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយ រារាំងមិនឱ្យអ្នកនយោបាយអគតិណាមួយ មានឱកាសមកបំផ្លាញសុខសន្តិភាពនេះ និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញជាដាច់ខាត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជា
ពលរដ្ឋទូទាំងខេត្តតាកែវ ដែល បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺ-១៩ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់។ ជាពិសេស សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ដោយបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ តាមរយៈការវាយតម្លៃស្ថានការណ៍ និងពិចារណា វិនិច្ឆ័យ ហ្មត់ចត់ គ្រប់ជ្រុងជ្រោយ អារកាត់រហ័សទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការថែទាំព្យាបាល នៅទូទាំងប្រទេស ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទាំងខ្មែរ និងបរទេស ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយទ្បើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា សមិទ្ធផលទាំងទ្បាយ ដែលបាន ដាក់សម្ពោធនាថ្ងៃនេះ គឺកើតចេញពីកម្លាំងសាមគ្គី ក្នុងទស្សន:សិល្បៈនៃការចែករំលែករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ព្រមទាំងសប្បុរសជនជិតឆ្ងាយដែលបានជួយជ្រោមជ្រែងឲ្យតំបន់ប្រតិបត្តិការសឹករងតាកែវ អាចសម្រេចបានការកសាង និងអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យមានទីតាំងរឹងមាំ និងយូរអង្វែង។ មូលដ្ឋាននេះ ធានាបានការការពារបូរណភាពទឹកដី ការចូលរួមទប់ស្កាត់បទល្មើសឆ្លងដែននានា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ស្មើមុខស្មើមាត់ជាមួយភាគីមិត្ត។ ទីតាំងឈរជើងនេះ ក៏បង្កលក្ខណៈដល់ការបំពេញភារកិច្ចដឹកនាំបញ្ជា និងការគ្រប់គ្រងកម្លាំងសឹករងខេត្តលើការងារសហការការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្ត ជាពិសេស ការបន្តត្រៀមចូលរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនៅមិនទាន់ស្រាកស្រាន និងបិទបញ្ចប់ទាំងស្រុងនៅឡើយទេ។