ហ៊ានជួលជាងឱ្យផលិតត្រាឈ្មោះមេភូមិ ត្រាឈ្មោះជំទប់ ត្រាឈ្មោះមេឃុំនិងត្រាមូលរបស់ឃុំ យកមកផលិតឯកសារក្លែងក្លាយដើម្បីដាក់បញ្ចាំ!
ខេត្តបាត់ដំបង៖ កាលពីថ្ងៃ សុក្រ ១០កើតខែមាឃឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២២ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរ សេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំធ្វើការកោះហៅស្រី្តម្នាក់ឈ្មោះ ភួន ស្រីល័ក្ខ អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យចូលមកកាន់អធិការដ្ឋាននគរ បាលស្រុកដោយសារមានពាក្យបណ្តឹងទាក់ទងនឹងករណីក្លែងបន្លំត្រានិងក្លែងឯកសារសាធារណៈនាពេលកន្លងទៅ ។
តាមរយៈការសាកសួរនេះបានឱ្យដឹងថានៅអំឡុងដើមខែកុម្ភៈឆ្នាំ ២០២២ នេះស្រី្តខាងលើ បានជួលជាង ឱ្យឆ្លាក់ត្រាមូល និងត្រាឈ្មោះ របស់អាជ្ញាធរមូលដ្ឋានភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានត្រាឈ្មោះ មេភូមិ ត្រាឈ្មោះស្មៀនឃុំនិងត្រាឈ្មោះមេឃុំរួមទាំងត្រាមូលរបស់ឃុំត្រាងផង ដើម្បីរៀបចំធ្វើឯកសារក្លែងក្លាយមួយក្នុងទម្រង់ ជាម្ចាស់កម្មសិទ្ធិលើការគ្រប់គ្រងដីមួយកន្លែងក្នុងមូលដ្ឋាននេះ ដោយបានយកគំរូ លិខិតកាន់កាប់ដីរបស់គាត់ដែលត្រឹមត្រូវ ហើយបានយកទៅបញ្ចាំគេកន្លងមកហើយនោះ ទៅឱ្យគេវាយជាលិខិតថ្មីយកគំរូតាមដូចគ្នា រួចហើយគាត់បន្លំចុះហត្ថលេខា សមាសភាពខាងលើ ដែលមានហត្ថលេខាមេភូមិ ហត្ថលេខាស្មៀនឃុំ និងហត្ថលេខាមេឃុំរួចវាយត្រាឈ្មោះ និងត្រាមូលរបស់អាជ្ញាធរ ស្នាមមេដៃសាក្សីនិងអ្នកពាក់ព័ន្ធផងដូចគ្នានឹងសំណៅដើមរួចបានយកលិខិតក្លែងក្លាយរួចនេះទៅដាក់បញ្ចាំនៅកន្លែងទទួលបញ្ចាំមួយក្នុងមូលដ្ឋាននេះ ដើម្បីយកប្រាក់មកប្រើប្រាស់ ផ្ទាល់ខ្លួននាថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ ។
នៅពេលអ្នកទទួលបញ្ចាំបានទទួលឯកសារនោះហើយ តែមិនទាន់បានប្រគល់ប្រាក់ឱ្យទៅសាមីខ្លួនជាជនសង័្សយខាង លើនៅឡើយទេ ពេលនោះអ្នកទទួលបញ្ចាំពិនិត្យមើលលើលិខិតនោះ ហាក់មានការសង័្សយលើឯកសារនោះ ទើ់បធ្វើការ សាកសួរមកសមត្ថកិច្ចនគរបាលទើប បានដឹងថា ឯកសារគ្រប់គ្រងដី ដែលឈ្មោះខាងលើយកមកប្រើប្រាស់ដាក់បញ្ចាំនេះគឺជាឯកសារក្លែងក្លាយទាំងអស់ទើបគាត់ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុក។
នៅពេលសាកសួរនេះសមត្ថកិច្ចនគរបាលបានធ្វើការដកហូតនូវត្រាមូលនិងត្រាឈ្មោះផងចំនួន ០៤ និងឯកសារក្លែងក្លាយមួយចំនួនទៀត ជាមួយនេះទាំងមេភូមិ ទាំងស្មៀន ទាំងលោកមេឃុំផង កំពុងដាក់ពាក្យបណ្តឹង ចំពោះករណីដែលពួកគាត់រងគ្រោះព្រោះករណីខាងលើដោយមិនដឹងខ្លួន។
ដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ជនសង័្សយខាងលើ ត្រូវបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ ការបន្តតាមនីតិវិធី ច្បាប់៕