ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ ខែ កុម្ភះ ឆ្នាំ២០២២ វេលាម៉ោង១៥ និង ១៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង បានទទួលបណ្ដឹងពីជនរង គ្រោះ ឈ្មោះ ធ ដ ភេទប្រុស អាយុ៦២ឆ្នាំ (ជាគណៈកម្មការអាចារ្យវត្តប៉ោយតាសេក ) រស់នៅភូមិប៉ោយ តាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្ដឹងទៅលើឈ្មោះ សំ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបាន វាយបំផ្លាញព្រះពុទ្ធ បដិមាករចំនួន២អង្គ កាល ពីថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៩ និង ០៣នាទី នៅចំណុចបរិវេណវត្តប៉ោយតាសេក ក្នុងក្រុមទី០៤ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្ដឹងភ្លាម ដោយអនុវត្តតាមបទបញ្ជា ដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៍ដូចជាមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កម្លាំងផ្នែកនគរបាលយុត្តិធម៌ដឹកនាំដោយលោកវរសេនីយ៍ទោ
ហៀង ប៊ុនថា អធិការរងទទួលផែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង៩ និង ០០នាទី ជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យ ក៍ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពធាក់ព្រះពុទ្ធបដិមាករធ្វើពីស៊ីម៉ង់ត៍ ចំនួន២អង្គ ពិតប្រាកដមែន ។
ករណីនេះ ជំនាញស្រុក កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។