ខ្សែធំប៉ុនណា? បុកគ្រឹះ ធ្វើអោយផ្ទះរបស់ពលរដ្ឋ ៣គ្រួសារ ខូចខាតយ៉ាងដំណំ ស្នើ អភិបាលខណ្ឌសែនសុខ អោយជួយ ដូចកាប់បំពង់រង់ចាំទឹកភ្លៀង?
ភ្នំពេញ៖ ដូចកាប់បំពង់ រង់ចាំទឹកភ្លៀង ខណៈក្តីកង្វល់របស់ពលរដ្ឋ នៅសង្កាត់ក្រាំងធ្នង់ រឿង បុគ្គលម្នាក់ យក ម៉ាស៊ីន ទៅបុកគ្រឹះ ធ្វើអោយផ្ទះរបស់ពលរដ្ឋ ៣គ្រួសារ រងនូវការប្រេះស្រាំ ខូចខាតយ៉ាងដំណំ តែ អាជ្ញាធរខណ្ឌសែនសុខ ហាក់មើលរំលងទៅវិញ។
យោងតាម ពលរដ្ឋរងគ្រោះ រៀបរាប់ប្រាប់ អ្នកសារព័ត៌មានយើង អោយដឹងនាព្រឹកថ្ងៃទី១០ កុម្ភៈ ២០២២ នេះថា ខ្វះតែ២ថ្ងៃទៀត ១ខែហើយ គិតពីចាប់ពីថ្ងៃដាក់ពាក្យសុំកិច្ចអន្តរាគមន៍ នៅ សាលាខណ្ឌសែនសុខ តែបានត្រឹមដេករង់ចាំដោយក្តីព្រួយបារម្ភ រីឯដំណោះស្រាយវិញ សូម្បីតែជំនាញខាងខណ្ឌម្នាក់ ក៏មិនឃើញទាក់ទងមកដែរ។
ពលរដ្ឋរងគ្រោះដដែលបន្តថា ឥឡូវនេះ ភាគីខាងបុកគ្រឹះ បានបន្តដឹកយកគ្រឿងចក្រ ចេញបណ្តើរៗ ហើយ ដំបូងមកយកសសរគ្រឹះ ឥឡូវមក ដោះយក ម៉ាស៊ីនបុកគ្រឹះ ទៅទៀត។ យើងខ្ញុំជា ពលរដ្ឋរងគ្រោះឆ្ងល់ថា ហេតុអ្វី បានមន្រ្តីជំនាញមិនមានចំណាត់ការចំពោះបុគ្គលខាងលើ ឬមានអ្វី នៅពីក្រោយខ្នង? យើងខ្ញុំ សូមសំណូមពរ យ៉ាងទទូច ដល់មន្រ្តីជំនាញ ជាពិសេស លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ សែនសុខ មេត្តា ជួយដោះស្រាយបញ្ហានេះ អោយបាននឆាប់រហ័ស សូមមេត្តាជួយរកយុត្តិធម៌ ដល់ពលរដ្ឋរងគ្រោះពិតប្រាកដផង ព្រោះរហូតមកដល់ពេលនេះ ហាក់គ្មានអ្វី ជាលទ្ធផល ឬការដោះស្រាយអ្វីទាល់តែសោះ?
ជុំវិញករណី ខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាក់ប្រាប់ អ្នកព័ត៌មានយើងថា អ្នកទទួលបន្ទុក ដោះស្រាយ រឿងនេះ គាត់វិជ្ជាមាន វីរុស កូវីដ ហើយ ចាំលោកត្រួតពិនិត្យការងារនេះ បន្ថែម។
គួររំលឹកផងដែរថា ក្តីកង្វល់ខាងលើនោះ គឺ ប៉ះចំពិធីករល្បីនៅទូរទស្សន៍ធំមួយ ប្រចាំប្រទេស ក្រោយរៀបរាប់ទុក្ខលំបាករបស់ខ្លួន អោយមហាជនជ្រាប ស្រាប់តែ គណនី ហ្វេសប៊ុក ឈ្មោះ Than Bun Heang ដែលគេ ស្គាល់ថា ជាជាងបុកគ្រឹះ បានសរសេរថា ៖ ចូលបទបរិហាគេហើយ ស្អែកជួបគ្នានៅខណ្ឌ មិនស្រួល លែងបានអានកាសែត! ការលើកឡើង បែបនេះ ក្រោយពេល លោក បូរ ភក្ត្រា យករឿងពិត ផ្ទាល់ខ្លួន ផ្សាយក្នុងទូរទស្សន៍ និងបានផុសក្នុង បណ្តាញសង្គមនានា។
លោក បូរ ភក្ត្រា បញ្ជាក់ថា កាលពីររសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២ នេះ ផ្ទះរបស់ខ្លួន ទើបតែសាងសង់ ដោយបានសុំច្បាប់ពី អាជ្ញាធរមូលដ្ឋាន ត្រឹមត្រូវ តែរឿងនឹកស្មាន មិនដល់ថ្មីៗនេះ មានរឿងហួសចិត្ត មួយបានកើតឡើង ជាប់ផ្ទះរបស់ខ្លួន ក្នុងភូមិត្រពាំងមៀន សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានបុគ្គលម្នាក់ បានដាក់ ម៉ាស៊ីនបុកគ្រឹះ និងបង្គោលទៅសាងសង់ផ្ទះថ្មី នៅលើដីឡូត៏មួយកន្លែង ដោយមិនបានសុំច្បាប់ទន្លាប់ត្រឹមត្រូវ តាមឋានានុក្រមនោះទេ បង្កផលប៉ះពាល់ ខូចខាតប្រេះស្រាំដល់ផ្ទះប្រជាពលរដ្ឋ ជិតខាងយ៉ាងធ្ងន់ធ្ងរ។
បើតាមប្រភព ពីអ្នកជិតខាង ដែលរងផលប៉ះពាល់ផ្ទាល់ពីការបុកគ្រឹះសាងសង់សំណង់ខាងលើ បានអោយ ដឹងថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ មានបុគ្គលម្នាក់ បានជួលគ្រឿងចក្របុកគ្រឹះសាងសង់ផ្ទះនៅជាប់ផ្ទះអ្នកជិតខាងជាច្រើនខ្នង ដោយបុកគ្រឹះខុសលក្ខណៈបច្ចេកទេស បណ្ដាលឲ្យរញ្ជួយប្រេះស្រាំខូចខាតតាមជញ្ជាំង ធ្នឹមផ្ទះ ប្រជាពលរដ្ឋចំនួន៣ខ្នង។ ដោយមើលឃើញ បែបនោះ ម្ចាស់ផ្ទះ ដែលទទួលរងពីផលប៉ះពាល់ ក៏បាននាំគ្នាចេញទៅហាមឃាត់មិនអោយបុកគ្រឹះបន្ត ក៍ប៉ុន្តែម្ចាស់សំណង់ខាងលើមិនបានបញ្ឈប់បុកគ្រឹះតាមកិច្ចសន្យា ជាមួយម្ចាស់ផ្ទះរងគ្រោះ ដូចនៅមុខអាជ្ញាធរសង្កាត់ក្រាំងធ្នង់នោះទេ ដោយម្ចាស់សំណង់ នៅតែបញ្ជាអោយអ្នកបុកគ្រឹះ នៅតែបន្តបុកបង្ហើយបង្គោលគ្រឹះ ជាហេតុបណ្ដាល អោយការប្រេះស្រាំជញ្ជាំង ធ្នឹមផ្ទះប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ដោយក្តីព្រួយបារម្ភ ពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅ ប្រជាពលរដ្ឋ បាននាំគ្នាទៅដាក់ពាក្យប្ដឹងបន្ថែមទៀតទៅអាជ្ញាធរសង្កាត់ក្រាំងធ្នង់ ដើម្បីអោយម្ចាស់សំណង់ បញ្ឈប់ការសាងសង់ ។
ពលរដ្ឋថា មកដល់ពេលនេះ ការសាងសង់ត្រូវបានផ្អាក ជាបណ្ដោះអាសន្នហើយ បន្ទាប់ពីប្រជាពលរដ្ឋបានប្ដឹងជាលើកទី២ ប៉ុន្តែចំពោះសំណង់ដែលរងផលប៉ះពាល់ខូចខាតមិនទាន់មានដំណោះស្រាយនៅឡើយទេ។
ពលរដ្ឋរងគ្រោះ បញ្ជាក់បន្ថែមថា ក្នុងផ្ទះដែលខូចខាតទាំង៣ខ្នងនោះ គឺមានផ្ទះមួយខ្នង ទើបតែសាងសង់រួច ម្ចាស់បានចូលរស់នៅមិនទាន់បាន២ ខែស្រួលបួលផង ក៍រងគ្រោះពីការបុកគ្រឹះខុសបច្ចេកទេស និងគ្មានច្បាប់ទំលាប់នេះដែរ ដោយជញ្ជាំងផ្ទះប្រេះស្រាំដូចគេគូសផែនទី។
សូមជម្រាបថា ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ស៊ឹម ស៊ីផាត ខូចខាតប្រេះតាមជញ្ជាំង ប្រេះហែកខាងលើទ្វារតាមបន្ទប់ ប្រេះជណ្ដើរ បន្ទប់ទឹក និងរហែកប្រេះច្រកវាំងននចូលផ្ទះបាយ (ផ្ទះប្លង់សេមួយសន្លឹកកន្លះ)។
ម្ចាស់ផ្ទះរងគ្រោះទី២ ឈ្មោះ ល័ក្ខ ស្រស់ ខូចខាតប្រេះតាមជញ្ជាំង ប្រេះសសរ និងរយះបន្ទប់ដែលក្រាលដោយបន្ទះឈើ (ផ្ទះមិនមានប្លង់សេ)។
ម្ចាស់ផ្ទះរងគ្រោះទី៣ ឈ្មោះ បូរ ភ័កត្រា ខូចខាតប្រេះស្រាំតាមជញ្ជាំង បន្ទប់ទឹក បន្ទប់គេង ប្រេះពិដាន និងប្រេះបែកធ្នឹម ប្រលោះជណ្ដើរ ជាច្រើនកន្លែង ដោយមុខប្រេះចូលសាច់បេតុងធ្នឹមតែម្ដង (ផ្ទះប្លង់សេពីរសន្លឹក)។
យោងតាម ពាក្យបណ្តឹងរបស់ ពលរដ្ឋរងគ្រោះចូលទៅសាលាសង្កាត់ក្រាំងធ្នង់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ ដើម្បីសុំកិច្ចអន្តរាគមន៍ នឹងជួយដោះស្រាយពីសំណាក់ លោក សឿន សួរ ជាចៅសង្កាត់ ជុំវិញ ផលប៉ះពាល់ខាងលើដែរ តែដោះមិនចេញ ហើយ ពលរដ្ឋរងគ្រោះ បានបន្តដាក់ពាក្យបណ្តឹង សុំកិច្ច អន្តរាគមន៍ ពីរដ្ឋបាលខណ្ឌសែនសុខ រហូតមកដល់ពេលនេះ ជិតមួយខែ គឺស្ងាត់ ដូចចោរលួចសេះ អីចឹង? តិចដូច ការសង្ស័យទៅ? គេមានខ្សែខាងសង្កាត់ អាជ្ញាធរ សង្កាត់ និង ខណ្ឌ មិនដោះស្រាយ ជូនពលរដ្ឋរងគ្រោះនោះទេ?
សូមជម្រាបបន្ថែមថា នាយប់ថ្ងៃទី១០ខែកុម្ភៈ ២០២២ នេះ មេឃភ្លៀងមួយមេ ធ្វើអោយទឹកជ្រាបចូលផ្ទះតាមប្រេះស្រាម ដែលបន្សល់ទុកដោយក្រុមជាងបុកគ្រឹះខាងលើផងដែរ។
អង្គភាពសារព័ត៌មានយើង និងផ្សាយលម្អិត ជាបន្តបន្ទាប់ទៀត ប្រសិនបើ មានការពន្យល់បកស្រាយពី អាជ្ញាធរ ឬ សាម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។