ប៉ូលិសឃាត់សិស្សសាលា ៤នាក់ ក្រោយប្រើជើងរន្ទះ ធាក់ប្លន់យកម៉ូតូ!

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាដឹកនាំ កម្លាំងនគរបាលយុត្ដិធម៌ ដោយមានលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្ដិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលព្រែកកំពឹស ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ធាក់ផ្តួលយកម៉ូតូ) ដែលកើតឡើង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ត្រង់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្តឹង ខេត្តកណ្តាល ។
ជនសង្ស័យ៤នាក់

ទី១-ឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទី២-ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទី៣-ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទី៤-ឈ្មោះ គ្រីស ឈិតវិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1IR-7215 មានលេខតួ និងលេខម៉ាស៊ីន 5034418 ចំនួន១គ្រឿង ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣ និង១៥នាទី ជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ បានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាក លេខ កណ្តាល 1AK-5045 មានលេខតួ និងលេខម៉ាស៊ីន 5861762 ឌុបប្រពន្ធចេញពីផ្ទះ ស្ថិតនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅទិញត្រីនៅផ្សារតាខ្មៅ ខេត្តកណ្តាល យកមកលក់នៅភូមិបាគូ ឃុំបាគូ ខាងលើ។ ពេលជនរងគ្រោះបើកម៉ូតូឌុបប្រពន្ធតាមផ្លូវជាតិលេខ២ ដល់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន៦នាក់ ទី១ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ។ ទី២ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៣ឈ្មោះ គ្រីស ឈិត វិសាល ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៤ឈ្មោះ លាភ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៥ ឈ្មោះ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ ឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ។ បានជិះម៉ូតូ៣គ្រឿង (ម៉ូតូម៉ាក ស្កូបពី ពណ៌ខ្មៅ ១គ្រឿង និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅចំនួន២គ្រឿង) ឌុបគ្នា ពេលនោះ ជនសង្ស័យ ឈ្មោះ គុជ រ៉ាយុទ្ធ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108 ឌុបជនសង្ស័យឈ្មោះ គ្រីស ឈិតវិសាល ទៅអែបខាងស្តាំដៃរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ គ្រីស ឈិត វិសាល បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះបើកគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរួច លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាដឹកនាំ កម្លាំងនគរបាលយុត្ដិធម៌ ដោយមានលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្ដិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលព្រែកកំពឹស ធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣ និង០០នាទី កម្លាំងសមត្ថកិច្ច បានឃើញក្រុមជនសង្ស័យខាងលើ កំពុងប្រមូលផ្តុំគ្នា នៅចំណុចក្បែរ បុរី ជីបម៉ុង លើផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួន បានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ។ ទី២ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៣ឈ្មោះ គ្រីស ឈិត វិសាល ភេទប្រុស អាយុ១៦ឆ្នាំ រួមនិងវត្ថុតាង ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1IR-7215 មានលេខតួ និងលេខម៉ាស៊ីន5034418 ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស តាមនីតិវិធីច្បាប់។

លុះដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៩ និង០០នាទី សមត្ថកិច្ច បានធ្វើការស្រាវជ្រាវបន្តទៀត រហូតឃាត់ខ្លួនបានជនសង្ស័យ ជាបក្ខពួក បានម្នាក់ទៀតឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ប៉ុន្តែនៅពេលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ គុជ រ៉ាយុទ្ធ នោះ សមត្ថកិច្ច ពុំបានដកហូតវត្ថុតាង ជាមធ្យោបាយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ ស្លាកលេខ ភ្នំពេញ1HP-8108 ដែលជិះធ្វើសកម្មភាពនោះទេ ដោយសារក្រុមគ្រួសារ របស់ជនសង្ស័យ ឈ្មោះ គុជ រ៉ាយុទ្ធ បានធ្វើការរារាំង និងថត សកម្មភាព របស់សមត្ថកិច្ចថែមទៀតផង។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសារភាពប្រាប់ សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូកៀរ ធាក់ផ្តួលយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះ ក៏បានប្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close