អភិបាលក្រុងភ្នំពេញ ៖ «វាល្មមដល់ពេល ដែលយើង ត្រូវរៀបចំសណ្ដាប់ធ្នាប់ នៅក្នុង រាជធានីភ្នំពេញ.. .ឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ» ចុះហេតុអ្វី អភិបាលខណ្ឌទួលគោក មិនទាន់នឹកឃើញធ្វើ?
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ ថ្លែងថា ៖ «វាល្មមដល់ពេល ដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ ពិសេស នៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាល រាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ ល្អប្រសើរហើយ»។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ ឱ្យអ្នកបើកហាង ឬធ្វើអាជីវកម្មរំលោភចិញ្ចើមផ្លូវ ទាំងអស់រុះរើ ឬប្ដូរទីតាំង មិនដូច្នោះនឹងចាត់វិធានការក្ដៅ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព នៅរាជធានីភ្នំពេញ។ នេះជាវិធានការថ្មីមួយទៀត បន្ទាប់ពីវិធានការរំដោះចិញ្ចើមផ្លូវចាស់ អនុវត្ត មិនទទួលបានប្រសិទ្ធភាពនៅឡើយ។
គួររំលឹកផងដែរថា នៅក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មិថុនា ២០២១ ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាទៅឱ្យអាជ្ញាធរខណ្ឌ ត្រូវចុះអនុវត្តវិធានការខាងលើជាបន្ទាន់ ដោយចាប់ផ្ដើមចេញពីការជូនដំណឹង។
ជាមួយនឹងវិធានការថ្មីនេះ សាលាក្រុងនឹងទុករយៈពេល ២ខែ ដើម្បីឱ្យពួកគាត់រុះរើ ឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុង បើមិនដូច្នោះនឹងដោះស្រាយតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។
ឯកឧត្ដម បន្តថា ដូច្នេះ អាជ្ញាធរខណ្ឌ ត្រូវចុះជូនដំណឹង ពិសេសអ្នកលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈបែបអនាធិបតេយ្យ ឱ្យប្រញាប់រុះរើយកចូលផ្ទះពួកគាត់វិញ ឬបើគ្មានផ្ទះត្រូវរើទៅជាយក្រុង។
បើក្រឡេកមកមើលពី វិធានការក្តៅ ក្នុងការសង្គ្រោះចិញ្ចើមផ្លូវ របស់ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ហាក់គ្មានប្រសិទ្ធភាពសោះ ធ្វើអោយតែល្អមើលបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ចិញ្ចើមផ្លូវ ត្រូវបានគេរំលោភធ្វើជាចំណត និងធ្វើអាជីវកម្មដដែល ព្រោះថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ លោកអភិបាលខណ្ឌ បានបញ្ជាអោយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក និងមានការចូលរួមពី លោកអធិការរងនគរបាលខណ្ឌ លោកនាយករងរដ្ឋបាលសាលាខណ្ឌ លោកចៅសង្កាត់ទឹកល្អក់ទី១ លោកនាយនគរបាលប៉ុស្តិ៍ កម្លាំងនគរបាល និង កម្លាំងប្រជាការពារសាលាខណ្ឌ សរុប ២៣នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបង មន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក អោយមាន របៀបរៀបរយ ទទួលបានការគាំទ្រពី មហាជន ជាពិសេស អ្នកដំណើរឆ្លងកាត់ បណ្តាលផ្លូវខាងលើ ។
ជាលទ្ធផល កម្លាំងបានឃាត់ម៉ូតូ បានសរុបចំនួន៧គ្រឿង ចតលើចំណីផ្លូវ បង្កការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះ អាសន្នដើម្បីអប់រំនិងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើម ផ្លូវលេខ ២៥៧ បានចំនួន ៨ទីតាំង ព្រមទាំងបានបញ្ឈប់ការលក់ដូរ លើទ្រូងផ្លូវ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ផងដែរ។
តែរឿងដែល មហាជន នឹកហួសចិត្តស្មានមិនដល់នោះ គឺមិនដល់២សប្តាហ៍ផង ជុំវិញមន្ទីរពេទ្យកុមារជាតិ ចិញ្ចើមផ្លូវទាំង៣ខ្សែ ត្រូវបានក្រុមអាជីវករ បន្តលក់ដូរ និង ចតម៉ូតូ រថយន្ត នៅលើចិញ្ចើមផ្លូវដដែល ។
សូមជម្រាបថា ចំណុចជ្រុងខាងត្បូងមន្ទីរពេទ្យកុមារជាតិ គឺ ចិញ្ចើមផ្លូវលេខ១១៨ មានតូបនិងចតរថយន្តនិងរោងលក់ដូរ ចំណុចខាងលិចជាកន្លែងចរាចរបត់ចុះឡើងផ្លូវសហ័ពន្ធរុស្ស៊ី ឧស្សាហ៍បង្កការកកស្ទះចរាចរណ៍ដោយខាង ក្រុមហ៊ុនធានារ៉ាប់រងឯកជន បានយកចិញ្ចើមផ្លូវរបងមន្ទីរពេទ្យ អស់ពាក់កណ្តាល គឺនៅលើ ផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ ដោយហេតុផលផ្តល់ថវិកា ជូនមន្ទីរពេទ្យថែទាំ និងជួសជុលរបងមន្ទីរពេទ្យ ។
កន្លងទៅ លោក ប៊ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បានប្រាប់អ្នកសារព័ត៌មាន ថា បញ្ហាដែលក្រុមហ៊ុនធានារ៉ាប់រង យកចិញ្ចើមផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ គឺ ដោយសារបានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនក្នុង១ឆ្នាំ ទៅមន្ទីរកុមារជាតិ ថែទាំ និង ជួសជុលរបង ។
ចំពោះបញ្ហាសណ្តាប់ធ្នាប់ ជុំវិញ មន្ទីរពេទ្យកុមារជាតិ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ហាក់មិនសូវគិតគូពីផលប៉ះពាល់ ដល់ការធ្វើដំណើរប្រចាំថ្ងៃ ការកកស្ទះចរាចរ ហើយ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ជាងនឡោះទៀត លោកអភិបាលខណ្ឌទួលគោក ហាក់មិនជួយលើកមុខមាត់ អភិបាលក្រុងភ្នំពេញ ក្រោមការដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង ទាល់តែសោះ។
ពលរដ្ឋ និង អ្នកធ្វើដំណើរ សំណូមពរសាជាថ្មីម្តងទៀត ដល់ ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ មេត្តាដាក់កម្លាំងចុះជួយរៀបចំសណ្តាប់ធ្នាប់ ជំនួស ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ផង ប្រសិន បើអាច មេត្តាជួយ រៀបចំសណ្តាប់ធ្នាប់ តាមបណ្តាផ្លូវនានា ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ជាពិសេស ជុំវិញ មន្ទីរពេទ្យកុមារជាតិ នេះតែម្តង។
សូមជម្រាបថា វីដេអូ និង រូបភាព ដែលទស្សនិជន កំពុងទស្សនានេះ គឺក្រុមការងារព័ត៌យើង ចុះទៅផ្តិតយក ដោយផ្ទាល់ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ៕