ផ្ញើសារ ចូលផេកស្នងការ ថា ៖ អធិការរងស្រុកស្អាងម្នាក់ ស្រវឹងស្រា មកជេរបញ្ចោរ នគរបាល ដល់ប៉ុស្តិ៍ស្វាយប្រទាល!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបគណនី ហ្វេសបុក ឈ្មោះ អ្នកប្រមាញ់ទីក្រុង បានរាយការណ៍ចូលក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ មានខ្លឹមសារថា៖ លោក លន ចាន់ថា អធិការរងនគរបាលស្រុកស្អាង ស្រវឹងស្រា មកជេរបញ្ចោរពួកខ្ញុំបាទ នៅប៉ុស្តិ៍ស្វាយប្រទាល ដោយលោកខឹងពួកខ្ញុំមិនជួយសារ៉េឡានរបស់គាត់ចុះដរ ដែលគេចុះឆ្លងមុន ជាហេតុធ្វើអោយគាត់ខឹងដាក់ឡានចោលកំពង់ដរស្ទះអ្នកដំណើររាប់ម៉ោងផងដែរ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចាត់ឲ្យលោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកស្អាង ស្រាវជ្រាវបំភ្លឺករណីខាងលើ។

ជាលទ្ធផល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមការបំភ្លឺពីលោកវរសេនីយ៍ទោ លន ចាន់ថា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកបម្រើការងារនៅអធិការដ្ឋាន មិនបានឆ្លងទូកដរ ទៅឃុំស្វាយប្រទាលនោះទេ ចំពោះការលើកឡើងខាងលើ លោកវរសេនីយ៍ទោ លន ចាន់ថា សូមធ្វើការបដិសេធទាំងស្រុង។

តាមការបំភ្លឺរបស់ លោកវរសេនីយ៍ត្រី គុណ គា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានឲ្យដឹងថា ពុំមានវត្តមាន លោក លន ចាន់ថា អធិការរងនគរបាលស្រុកស្អាង ស្រវឹងមកជេរបញ្ចោរ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ឡើយ។ ហើយក៏មិនមានវត្តមាន លោក លន ចាន់ថា មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលនោះដែរ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close